
កណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ដឹកនាំប្រតិភូរបស់អគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យស្វាយរៀង បំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ។
ក្នុងនោះផងដែរ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានប្រតិភូដឹកនាំដំណើរទស្សនកិច្ចសិក្សានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រង និងការរៀបចំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងបានរៀបចំអាហារសាមគ្គីយ៉ាងឈ្ងុយឆ្ងាញ់ជូនដល់ប្រតិភូទាំងអស់ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕