
ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រី២នាក់ប្ដីប្រពន្ធ ត្រូវបានខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៣នាក់ បាញ់ប្លន់យកកាបូបបានសម្រេច រួចឡើងជិះរថយន្ដគេចខ្លួនទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ នៅខាងមុខអគារខុនដូមួយកន្លែង នៅតាមផ្លូវលេខ៤១ (ទល់មុខស្ថានទូតម៉ាឡេស៊ី) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសន្ដិសុខនៅខុនដូដែលបានឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាជនជាតិចិន២នាក់ប្ដីប្រពន្ធ បានបើករថយន្ដមួយគ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-8868 ចូលក្នុងអគារខុនដូដែលខ្លួនស្នាក់នៅ រួចបានចុះពីលើរថយន្ដ និងបានយកអីវ៉ាន់ពីក្នុងគូទរថយន្ដដើម្បីឡើងទៅបន្ទប់របស់ខ្លួន។ ខណៈពេលកំពុងយកអីវ៉ាន់ បុរសជាសន្ដិសុខបានទៅជួយយួរអីវ៉ាន់ ប៉ុន្តែជនរងគ្រោះបានយួរដោយខ្លួនឯង ហើយភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកពីខាងក្រោយរួចបាញ់ស្ព្រាយទៅលើផ្ទៃមុខនិងភ្នែករបស់សន្ដិសុខនោះ ហើយក៏លេចមុខជនសង្ស័យ២នាក់ទៀត បានយកកាំភ្លើងវាយទៅលើបុរសជាប្ដី និងបានបាញ់គំរាមឡើងលើចំនួន ២គ្រាប់ (ផ្ទុះចេញមួយគ្រាប់) ព្រមទាំងបានប្រតាយប្រតប់ជាមួយនារីជាប្រពន្ធដណ្ដើមយកកាបូបបានសម្រេច រួចរត់ឡើងជិះរថយន្ដមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Honda AirBlade ពណ៍ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ 1F-7720 ដែលក្នុងចំណោមបក្ខពួកក្រុមជនសង្ស័យជិះយកមកទុកនៅក្បែរកន្លែងកើតហេតុ រួមទាំងដប Spray ដែលជនសង្ស័យធ្វេីសកម្មភាពបាញ់ទៅលេីផ្ទៃមុខសន្តិសុខនោះនៅក្បែរម៉ូតូផងដែរ។ តែយ៉ាងណាហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុមុន និងបានយកសំបកគ្រាប់និងគ្រាប់ដែលបាញ់មិនផ្ទុះ រួមទាំងម៉ូតូមួយគ្រឿងដែលបន្សល់ទុកនៅក្បែរកន្លែងកេីតហេតុនោះ យកទៅរក្សាទុកធ្វេីកំណត់ហេតុនៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ខណៈកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ និងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះមកតាមក្រោយ ដោយបានសាកសួរជនរងគ្រោះពីហេតុការណ៍ដែលបានកើតឡើង និងបានកំពុងបើកការស៊ើបអង្កេតដោយស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕