
កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបុកម៉ូតូ កំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យម៉ូតូកល់ជាប់ពីក្រោមរថយន្ត បង្កជាអណ្តាតភ្លើងឆេះទាំងរថយន្ត កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាបុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាគុប បើកឆ្លងផ្លូវពីលិចទៅកើត បំណងបត់ឆ្ពោះទៅជើង ស្រាប់តែរថយន្ត ប្រភេទ អូសសណ្តោង ពោងស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2440 បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ល្បឿនលឿន ពីត្បូងទៅជើង។ ដល់ចំណុចកើតហេតុ រថយន្តក៏ វ៉ាជែងរថយន្ត ខាងមុខ ទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយម៉ូតូកល់គៀបជាប់ពីក្រោមរថយន្ត បង្កជា អណ្តាតភ្លើង ឆាបឆេះទាំង រថយន្ត យ៉ាងសន្ធោរសន្ធៅឡើង ។
ក្រោយគ្រោះថ្នាក់កើតឡើងភ្លាមៗ រថយន្តពន្លត់អគ្គិភ័យបានចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ខណៈដែលរថយន្តរងការខូចទាំងស្រុង សល់តែពោងស៊ីម៉ង់ត៍៕