
ស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូធំក្នុងល្បឿនលឿន បណ្តាលឲ្យដួលបោកក្បាលអូសទៅបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៥៨នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាម៉ាក CB ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ១JC -៣៥៥០ បើកបរដោយឈ្មោះ តូច វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា រស់នៅភូមិ វាលយន្ដ ក្រុងស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព។
ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកទួលថ្នល់ទើបតែអ៊ុត ដួលបោកអូសមនុស្សខ្ទាតចូលម៉ូតូមួយគ្រឿងទៀតម៉ាកLet’s ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ១DD-៨៥៩២ បើកបរដោយឈ្មោះ ថន ស្រីលក្ខណ៍ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអេស៊ីលីដា រស់នៅភូមិរោងបន្លែ ក្រុងស្វាយរៀង ដែលធ្វើដំណើរពីកើតទៅលិច (ពាក់មួកសុវត្ថិភាព) បណ្តាលឲ្យអ្នកបើកបរម៉ូតូធំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង និងអ្នកបើកបរម៉ូតូម៉ាកLet’s រងរបួសស្រាល ម៉ូតូខូចខាតស្រាល ។
ក្រោយពីកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងសម្រួលចរាចរណ៍ រីឯមធ្យោបាយទាំង២យកទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ និងអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំពោះសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕