កូវីដបម្លែងថ្មីអូមីក្រុង ត្រូវបានគេស្គាល់ថាជាកូវីដបង្កជំ.ងឺស្រាលដល់អ្នកជំ.ងឺ ជាពិសេសក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ។ ប៉ុន្តែនៅមានរោគសញ្ញារបស់វា មានសភាពធ្ងន់ធ្ងរ គេត្រូវតែទៅពេទ្យជាបន្ទាន់។ ថ្មីៗនេះ អង្គការសុខភាពពិភពលោកបានធ្វើបច្ចុប្បន្នភាពលើរោគសញ្ញារបស់កូវីដអូមីក្រុង ហើយប្រាប់ពីអ្វីដែលមនុស្សគួរធ្វើ ប្រសិនបើនរណាម្នាក់ដែលពួកគេដឹងថាកំពុងឃើញមានរោគសញ្ញាកាន់តែអាក្រក់ពីកូវីដអូមីក្រុង។
WHO បាននិយាយថា៖ ”ប្រសិនបើរោគ.សញ្ញាកាន់តែអាក្រក់ សូមទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជាបន្ទាន់។ WHO បានគូសបញ្ជាក់ផងដែរពីរោគ.សញ្ញាជាក់លាក់ ដើម្បីតាមដាន ប្រសិនបើអ្នកគិតថាអ្នកត្រូវចូលពេទ្យសម្រាកព្យាបាលកូវីដ”។
WHO បាននិយាយថាទៀតថា៖ ”អាស្រ័យលើអាយុរបស់មនុស្សនៅក្នុងការថែទាំរបស់អ្នក រោគ.សញ្ញារបស់ពួកគេអាចមើលទៅខុសគ្នា។ មនុស្សពេញវ័យអាចមើលទៅខ្វះជាតិទឹក ដកដង្ហើមខ្លីៗ ឬឈឺទ្រូង។ ពួកគេក៏អាចត្អូញត្អែរពីការឈឺក្បាលស្រាលផងដែរ”។
សម្រាប់កុមារវិញ WHO បានលើកឡើងថា៖ ”កុមារអាចមានភាពច្របូកច្របល់ ឬបដិសេធមិនបរិភោគ។ មុខ ឬបបូរមាត់របស់ពួកគេអាចប្រែទៅជាពណ៌ខៀវ។ ទារកប្រហែលជាមិនអាចបៅដោះបានទេ។ រោគសញ្ញាទាំងនេះគឺជាសញ្ញាព្រមានថា ត្រូវការការថែទាំជាបន្ទាន់នៅមន្ទីរពេទ្យ”។
អ្នកស្រាវជ្រាវនៅតែសម្លឹងមើលទៅលើកូវីដបម្លែងថ្មីអូមីក្រុង ពីរបៀបដែលវាប៉ះពាល់ដល់មនុស្ស និងចំនួនប្រជាជនខុសៗគ្នាទៀត។ មកដល់ពេលនេះ គេបានរកឃើញថា វាអាចចម្លងមកលើមនុស្សដែលបានចាក់វ៉ាក់សាំងរួច តែបង្កជាជំ.ងឺស្រាលទេសម្រាប់ក្រុមមនុស្សទាំងនេះ៕