ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកឱរ៉ាល់ចាប់ខ្លួនជនដៃដល់ជាកូនប្តីដើម ដែលបានយកកាំបិតផ្គាក់កាប់ លើឪពុកចុង ព្រោះតែខឹងឪពុកចុង តែងតែវាយធ្វើបាបម្តាយខ្លួនច្រើនដងទ្រាំ និងទង្វើដដែលៗលែងបាន ឃើញឱកាសមកដល់កាប់គ្មានញញើតដៃឡើយ។
ការឃាត់ខ្លួនជនដៃដល់ជាកូនប្តីដើម កាប់ឪពុកចុងស្លាប់នេះ កាលពីល្ងាចថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីនគរបាលស្រុកថា ជនដៃដល់ជាកូនប្តីដើម ដែលសមត្ថកិច្ចឃាត់បាន មានឈ្មោះ ផ្លេង កំសត់ ហៅអាឈ្លូស អាយុ ១៨ ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុ ។
នគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន យុវជនដៃដល់បានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ស្រីវ៉ាត ហៅឆ្លូវ ដែលត្រូវជាឪពុកចុងពិតប្រាកដមែន ពីព្រោះកន្លងទៅ ឪពុកចុងរូបនោះ ( ជនរងគ្រោះ ) ធ្លាប់វាយធ្វើបាបម្ដាយរបស់ខ្លួនច្រើនលើកច្រើនដងរាប់មិនអស់ ប្រើហិង្សាលើម្តាយថែមទៀត មិនតែប៉ុណ្ណោះឪពុកចុងរូបនោះ ធ្លាប់គំរាមកំហែងកាប់សម្លាប់ទៅលើជីតាឈ្មោះ ផ្លេង និង ឪពុកមា របស់ខ្លួនឈ្មោះ ផ្លេង តៅ ថែមទៀតផង ទើបខ្លួនសម្រេចចិត្តថា នៅពេលណាមានឱកាសល្អ គឺសម្លាប់ឪពុកចុង ចោលតែម្តង ។ ស្រាប់តែនៅយប់ថ្ងៃបុណ្យដាលានចូលមកដល់ នៅក្នុងភូមិតែងតែ ប្រារព្ធពិធីនេះ ឃើញឱកាសល្អ ឪពុកចុង របស់គេអង្គុយលើម៉ូតូមើលគេរាំលេងរូបគេ ក៏បានយកកាំបិតផ្គាក់កាប់ពីក្រោយតែម្តង ។ ក្រោយឃាត់ខ្លួនយុវជនជាកូនប្តីដើមរួចមក ដោយរួមជាមួយវត្ថុតាងថែមទៀតផងនោះ សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។
សូមរំលឹកថា កាលពីវេលាម៉ោង ១០ និង៣០នាទី យប់ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ កន្លងទៅ ត្រង់ចំណុចរោងប្រជុំភូមិស្រែកិន ស្ថិតនៅភូមិស្រែកិន ឃំុត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះស្រី វ៉ាតភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិស្រែកិន ឃំុត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ចំកញ្ចឹង កពីក្រោយបណ្ដាលឲជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយលើម៉ូតូមើលគេរាំវង់កម្មវិធីបុណ្យដាបាតលានភូមិ ក្រោយពេលកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយកម្លាំងជំនាញនគរបាលការិយាល័យកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោ និងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុការពារកន្លែងកើតហេតុធ្វើការពិនិត្យនិងកំណត់មុខសញ្ញាដើម្បីស្វែងរកចាប់ខ្លួន ៕