រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រ..ដាល់គុនខ្មែរ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃសៅរ៍ ទី១៥ មករា ខាងមុខនេះ គណៈកម្មការប្រកួតបានចម្រាញ់យកសុទ្ធតែអ្នកប្រដាល់ជើងខ្លាំងចំនួនពីរគូ ដើម្បីឡើងប្រជែងគ្នាដណ្ដើមប្រាក់លានខារ៉ាបាវ ។ កីឡាករជើងខ្លាំងវ័យក្មេងខាំ កូនខ្លាមកពីក្លិបប៉ែនកាក់គុនខ្មែរ ប្រកួតជាមួយកីឡាករភួន ឡាំងកូស៊ីន ក្លិបសៅយ៉ាន់នាគា ខណៈកីឡាករធន់ ផានិត មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប៉ះជាមួយកីឡាករចាន់ សំអាត ក្លិបនរាយតេជៈគុនខ្មែរ។
សម្រាប់ការប្រកួតដណ្ដើមប្រាក់លាននៅក្នុងសប្ដាហ៍នេះ គេមានការចាប់អារម្មណ៍បំផុតគឺជាការជួបគ្នារវាងកីឡាករខាំ កូនខ្លានិងកីឡាករភួន ឡាំងកូស៊ីន ។ គូនេះថ្វីដ្បិតតែមិនធ្លាប់ប៉ះគ្នាពីមុនមកមែន តែគេមានការរំពឹងទុកជាមុនថា មិនធ្វើឲ្យអ្នកនិយមតាមដានការប្រកួតខកបំណងឡើយ ជាពិសេសកីឡាករខាំ កូនខ្លា ដែលយូរៗទើបគេឃើញបង្ហាញខ្លួននៅលើសង្វៀនម្ដង។


តាមតែគេធ្លាប់ដឹងកិឡាករខាំ កូនខ្លា មានបទពិសោធន៍ប្រកួតនៅលើសង្វៀនមិនច្រើននោះទេ តែក៏មិនអាចមើលស្រាលបានដែរ បើនិយាយពីថ្វីដៃប្រកួតនៅលើសង្វៀនវិញនោះអត់ចាញ់អ្នកប្រ..ដាល់ជើងចាស់ប៉ុន្មាននោះទេ ផ្លែកែងនិងជង្គង់របស់គេពិតជាល្អខ្លាំងណាស់ មិនតែប៉ុណ្ណោះថែមទាំងអាចធ្វើកាវាយចេញបានរហ័សទៀតផង ។ ប៉ុន្តែសម្រាប់ការមកប៉ះអ្នកប្រដាល់ជើងខ្លាំងភួន ឡាំងកូស៊ីន លើកនេះ មិនអាចទាយទុកមុនពីលទ្ធផលចាញ់ឈ្នះបានឡើយ ។ កីឡាករភួន ឡាំងកូស៊ីន គេមានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសម ហើយក៏មានប្រវត្តិប្រកួតច្រើនដងជាងខាំ កូនខ្លា ដែរ គ្រាន់តែគេមិនសូវពូកែស្នៀតកែងនិងជង្គង់ប៉ុណ្ណោះ តែបើនិយាយពីស្នៀតកណ្ដាប់ដៃនិងស្នៀតជើងវិញគឺល្អខ្លាំងណាស់ ។ ដូច្នេះគូនេះមានផ្លែល្អម្យ៉ាងម្នាក់អាចស៊ីសងជាមួយគ្នាបាន គ្រាន់តែគេមិនហ៊ានទាយទុកមុនថាអ្នកណាជាម្ចាស់ប្រាក់..លានលើកនេះឡើយ។
ចំណែកការប៉ះគ្នារវាងកីឡាករធន់ ផានិត និងកីឡាករចាន់ សំអាតលើកនេះគេក៏កំពុងតែរង់ចាំតាមដានណាស់ដែរ ថាអ្នកណានឹងក្លាយជាម្ចាស់ប្រាក់..លានលើកនេះ ខណៈការជួបគ្នាជាច្រើនលើកកន្លងមកមានចាញ់និងឈ្នះទៅវិញទៅមកដូចគ្នា ។ គូនេះបើតាមតែគេធ្លាប់ដឹងមានថ្វីដៃប្រកួតនៅលើសង្វៀនប្រហាក់ប្រហែលគ្នាតែម្ដង ។ ព្រោះអីគេទាំងពីរសុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាដូចគ្នាមានបទពិសោធន៍ប្រកួតនៅលើសង្វៀនជាយូឆ្នាំមកហើយដូចគ្នាទៀត ។ ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះម្នាក់ៗសុទ្ធតែមានបំណងចង់ក្លាយជាម្ចាស់ប្រាក់លានដូចគ្នា ហើយថែមទាំងបានត្រៀមខ្លួនទុកជាមុនរួចស្រេច ដើម្បីប្រជែងតំណែងជាម្ចាស់ប្រាក់..លានដូចគ្នាទៀតផង៕