ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលសាច់ញាតិអះអាងថា បែកថ្នាំដល់កំរិត ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកដាវកា.ប់.ប្អូនថ្លៃរបួសធ្ងន់ស្ទើរស្លា.ប់.ស្ទើររស់ កាលពីវេលាម៉ោងជាង៦ព្រលប់ថ្ងៃទី១១ មករា នៅនឹងផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ។
មន្ត្រីអធិការក្រុងបាត់ដំបងបានឱ្យដឹងថា ជនដៃដល់ឈ្មោះ ទាវ សុផាន ហៅ ម៉ៅឆ្អឹង អាយុ៤១ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះឈ្មោះ ឌី វទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា នៅចំណុចកើតហេតុខាងលើ ។ មន្ត្រីដដែលបានប្រាប់ថា ជនដៃដល់បានប្រើប្រាស់ដាវប្រវែងជិតកន្លះម៉ែត្រ កា.ប់.ទៅលើប្អូនថ្លៃបណ្ដាលឲ្យរងរបួសធ្ងន់ជាច្រើនកន្លែង ដោយគ្រាន់តែមានការទាស់ពាក្យសំដីគ្នាបន្តិចបន្តួច តែជនដៃដល់ជាមនុស្សប្រើប្រាស់ថ្នាំញៀនដល់កំរិត ដែលនិយាយហាក់លេងដឹងខុសត្រូវទៅហើយ ពេលឃាត់ខ្លួនយកមកសួរចម្លើយ ។ឮ
បើតាមការស្រង់សំដីជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រើដាវកា.ប់.ទៅលើប្អូនថ្លៃមែន តែជននេះមិនបានប្រាប់ពីមូលហេតុឲ្យជាក់លាក់ទេ។ ជននេះបាននិយាយត្រឡប់ត្រឡិននៅពេលមន្ត្រីជំនាញសួរនាំ ដែលពិបាកយកជាការបាន តែបាននិយាយថា ខ្លួនខឹងនិងប្អូនថ្លៃចាក់ថ្នាំមាន់ចោល ។ បើតាមប្រភពដទៃទៀតបាននិយាយថា សព្វថ្ងៃជនដៃដល់និងប្រពន្ធបានរស់នៅជ្រកកោនក្រោមដំបូលផ្ទះប្អូនថ្លៃ ។
នៅថ្ងៃកើតហេតុ គេមិនបានដឹងផ្ដើមចេញពីរឿងអ្វីទេ តែគេឮសំឡេងប្រកែកគ្នាបន្តិច ស្រាប់តែគេឃើញជនបង្កស្ទុះទៅដាល់ជនរងគ្រោះមួយដៃ រួចក៏ទាញដាវកាប់ជនរងគ្រោះរបួសប្រអប់ដៃស្ដាំ និង កាប់ក្បាលសាប់ដូចទំពាំងរបួសយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យភ្ញាក់ផ្អើលពេញភូមិ ទើបបន្តិចក្រោយមក ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនដៃដល់យកទៅកាន់អធិការក្រុងតែម្ដង ។
មន្ត្រីអធិការក្រុងបាត់ដំបងបានប្រាប់ថា ជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពយ៉ាងធ្ងន់ធ្ងរ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រីឯជនដៃដល់មន្ត្រីជំនាញកំពុងសួរនាំ និងត្រៀមកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការខេត្តហើយ៕