ក្រចេះ៖ កុមារាជាកូនភ្លោះពីរនាក់បានលង់ទឹកស្លាប់ ខណៈពេលដែលឪពុកម្ដាយ រវល់រកស៊ី។ហេតុការណ៍នោះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១១ខែ មករាឆ្នាំ២០២២ នៅមាត់ទន្លេមេគង្គ ស្ថិតក្នុង ភូមិ កាកុត ឃុំ សំបុក ស្រុកចិត្របុរី ខេត្ត ក្រចេះ។
នគរបាលប៉ុស្តិ៍ឃុំសំបុកបានឲ្យដឹងថាកុមារាដែលលង់ទឹកស្លាប់មានឈ្មោះ ម៉ី សោទីនិងឈ្មោះ ម៉ី សោទ្រី។ពួកគេមានអាយុ៣ឆ្នាំ ។ មានឪពុកឈ្មោះ សាយ ម៉ី អាយុ៤៣ឆ្នាំនិងម្ដាយឈ្មោះ វង សុខណា អាយុ២៨ឆ្នាំ ជាកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុឪពុកឈ្មោះ សាយ ម៉ី ចេញពីផ្ទះទៅលក់បន្លែ ទុកឱ្យប្រពន្ធឈ្មោះ វង សុខណា លក់ឥវ៉ាន់នៅផ្ទះដែលមានកូនប្រុសចំនួនពីរនាក់ឈ្មោះ ម៉ី សោទី និង ឈ្មោះ ម៉ី សោទ្រី នៅផ្ទះជាមួយ។ ពេលនោះដោយសារតែរវល់តែលក់ ឥវ៉ាន់(បន្លែ)ម្តាយ ពុំបានចាប់អារម្មណ៍មើលកូនស្រាប់តែកុមារាទាំងពីរនាក់ បងប្អូននាំគ្នា ចុះទៅលេងទឹកទន្លេនៅក្រោយផ្ទះ ចម្ងាយប្រហែល៥០ ម៉ែត្របណ្តាលឱ្យលង់ស្លាប់ទាំងពីរនាក់តែម្ដង។ ក្រោយពីបាត់កូនម្តាយបានដើរទៅរកកូនទើបដឹងថា កូនរបស់គាត់បានលង់ទឹកស្លាប់បាត់ទៅហើយ ។