កាមេរ៉ូន ៖ ខ្សែប្រ.យុទ្ធ Sadio Mane បានស៊ុតបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ៩០+៧ ជួយក្រុមជម្រើសជាតិសេ.ណេ.ហ្គាល់យកឈ្នះលើហ្ស៊ីម.បាវ៉េដោយលទ្ធផល ១-០ នៅក្នុងការប្រកួតបើកឆាកពូល B ពានរង្វាន់ Africa Cup of Nations 2021 (AFCON 2021)។
ជំនួបដែលធ្វើឡើងនៅកីឡដ្ឋាន Kouekong កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ទោះមានការវាយសម្រុកគ្នាពេញ៩០នាទី ប៉ុន្តែក្រុមទាំងពីរមិនអាចរកគ្រាប់បញ្ចូលទីគ្នាបានឡើយ។
រហូតដល់នាទី៩០+៧ ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool គឺជាអ្នកសម្រេចគ្រាប់ជ័យជម្នះឲ្យសេណេហ្គាល់ តាមរយៈការស៊ុតប៉េណាល់ទី ក្រោយខ្សែបម្រើហ្ស៊ីម.បាវ៉េ Kelvin Madzongwe បង្កើតកំហុសដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់។ ហើយជ័យជម្នះនេះ សេ.ណេ.ហ្គាល់យកបាន៣ពិន្ទុស្មើគ្នាជាមួយហ្គីណេ ដែលឈរនៅកំពូលតារាងពូល B បន្ទាប់ពីពួកគេបានយកឈ្នះលើម៉ាឡាវីដោយលទ្ធផល ១-០។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតទាំងអស់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៖
*ពូល B៖
-សេ.ណេ.ហ្គាល់ ១-០ ហ្ស៊ីម.បាវ៉េ
-ហ្គីណេ ១-០ ម៉ាឡាវី
*ពូល C ៖
-ម៉ារ៉ុក ១-០ ហ្គាណា
-កូម័រ ០-១ ហ្គាបុង៕