ភ្នំពេញ ៖ អ្នកលក់ដូរតាមអនឡាញម្នាក់ ប្រើល្បិចឆបោក ដោយបន្លំដាក់មី២កេស ឲ្យទៅ អតិថិជន ដែលបញ្ជាទិញ ម៉ាស៊ីចាក់ភ្លេង។
កាលពីលើកទី១បោកគេបានសម្រេច ដល់ពេលជនរងគ្រោះ លេងល្បិចវិញ ដោយបញ្ជាទិញលើកទី២ បញ្ឆោតឲ្យចេញមុខ ហើយចាប់ខ្លួនបាន រួមជាមួយនិងមី២កេស នាំទៅប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
ជនសង្ស័យជាអ្នកលក់អនឡាញរូបនេះ ត្រូវបានចាប់ខ្លួននៅតាមផ្លូវចោមចៅ មុខក្រុមហ៊ុន ហុងដា ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រួចនាំខ្លួនទៅប៉ុស្តិ៍នគរបាល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ ។
ជនសង្ស័យមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ លក់ដូរផលិតផល តាម អនឡាញ មានទីលំនៅភូមិឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ហង្ស វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់រថយន្ត និង ជាសិល្បករ មានទីលំនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខ្លួនបានបញ្ជាទិញ ម៉ាស៊ីនចាក់ភ្លេង ពីជនសង្ស័យតាមអនឡាញ ចំនួន២គ្រឿង ក្នុងតម្លៃលក់ឡៃឡុង ចំនួន ២០០ដុល្លារ។ លុះត្រូវរ៉ូវគ្នាហើយ ក៏បានផ្ញើលុយទៅឲ្យអ្នកលក់ដោយ ឥវ៉ាន់ត្រូវយកនៅ ទីតាំងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ខុសពីការបញ្ជាទិញ ជនរងគ្រោះទទួល បានមី២កេស ។ ពេលនោះជនរងគ្រោះដឹងថាចាញ់បោកអ្នកលក់តាមអនឡាញម្នាក់នេះ ហើយ ម្យ៉ាងមិនបានទៅប្រគុំតន្ត្រីក្នុងកម្មវិធី នៅឯខេត្តត្បូងឃ្មុំទៀត។ ជនរងគ្រោះបានទាមទារឲ្យជនសង្ស័យសងជំងឺចិត្តឲ្យទៅម្ចាស់កម្មវិធី ចំនួន២៨០០ដុល្លារ និង សងប្រាក់ត្រឡប់មកខ្លួនវិញចំនួន២០០រដុល្លាទៀត សរុបអស់៣០០០ដុល្លា ។
ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីចាញ់បោកតាមអនឡាញ ជនសង្ស័យក៏ប្លុកឆាត ប្លុកហ្វេសប៊ុកចោលទៀត ។ខ្លួនក៏បានបង្កើតហ្វេសប៊ុកថ្មី ប្រើវិធីសាស្ត្រកុម៉្មង់ទិញម៉ាស៊ីន ប្រភេទដដែល ទាក់ទងត្រូវហើយចំនួន២គ្រឿង ពឹងឲ្យជនសង្ស័យយកឲ្យផង។ ជនសង្ស័យឲ្យជនរងគ្រោះទៅទទួលយកនៅ ផ្លូវចោមចៅ មុខក្រុមហ៊ុនហុងដា។
ទីបំផុតគ្រាន់តែជនសង្ស័យចេញមុខ យួរថង់ខ្មៅចំនួន២ ជនរងគ្រោះស្ទុះចាប់ ឃាត់ខ្លួនបាន មើលក្នុងថង់ខ្មៅ មានមី២កេសដូចមុនដដែល ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យ និងវត្ថុតាងមី២កេស ជនរងគ្រោះនាំយកទៅប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕