
ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស ២០ នាក់បានបាត់ខ្លួនបន្ទាប់ពីការបាក់ផ្ទាំងថ្មដ៏ធំនៅក្នុងរដ្ឋ Minas Gerais របស់ប្រទេសប្រេស៊ីល ដោយបានសង្កត់លើទូកទេសចរណ៍បីគ្រឿងនៅលើផ្ទៃទឹក បង្កឲ្យមនុស្ស ៥ នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ ខណៈដែលកងទ័ពជើងទឹកកំពុងស៊ើបអង្កេតសោកនាដកម្មនេះ ។
បើតាមរូបភាពវីដេអូ ដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមឲ្យឃើញថា មានការបាក់ផ្ទាំងថ្មមួយ បានកើតឡើងនៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញនេះ នៅតាមបណ្តោយបឹង Furnas ក្បែរទីក្រុង Capitolo រដ្ឋ Minas Gerais ប្រទេសប្រេស៊ីល ។ ដោយមុនដំបូង គេសង្កេតឃើញមានកំទេចកំទីដុំថ្មលាយដីតូចៗ បានធ្លាក់ពីលើផ្ទាំងច្រាំងថ្មចោទខ្ពស់ដ៏ធំ មុនពេលផ្ទាំងថ្មដ៏ធំសម្បើមមួយនោះ បានបាក់ធ្លាក់មកលើទូកអ្នកទេសចរជាច្រើននាក់នៅលើផ្ទៃទឹក ។
ក្រោយពីឧបត្តវហេតុនេះ ឆ្មាំសង្គ្រោះបន្ទាន់នៅតំបន់នោះបានរាយការណ៍ថា ខ្លួនបានស្រង់សាកសពមនុស្ស ៥នាក់ រួមនិង ៩នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកមនុស្ស ៣២នាក់ ផ្សេង ទៀត រងរបួស សស្រាល ។ ខណៈដែលកងទ័ពជើងទឹកប្រេស៊ីល បានដាក់ពង្រាយក្រុមស្វែងរក និងជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ ហើយឥឡូវនេះកំពុងស៊ើបអង្កេតមូលហេតុនៃការរអិលបាក់ដីនេះ ។
ទន្ទឹមនឹងនោះដែរ លោក Romeu Zema ជាអភិបាលរដ្ឋ Minas Gerais បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧបត្តហេតុនេះកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានការហូរច្រោះចូលតាមជម្រៀកនៃជញ្ជាំងថ្ម” ។ លោក Zema បានបញ្ជាក់បន្ថែមថា “ការងារជួយសង្គ្រោះ នៅតែដំណើរការ នៅឡើយហើយខ្ញុំ សូមចូលរួមរម្លែកទុក្ខ និងសោកស្តាយចំពោះគ្រួសារជនរងគ្រោះផង ។