ការសិក្សាថ្មីមួយបានពិនិត្យលើកូវីដបម្លែងថ្មី IHU ដែលត្រូវបានរកឃើញដំបូងគេនៅប្រទេសបារាំង ហើយរកឃើញថាវាមិនមានអ្វីគួរឲ្យបារម្ភណ៏ខ្លាំងក្លានោះទេរហូតមកដល់ពេលនេះ។ ការសិក្សាដែលបានបោះពុម្ពផ្សាយនៅលើ medRxiv ក្រោយពីមានការរកឃើញនៅប្រទេសបារាំង។
អ្នកស្រាវជ្រាវបានរកឃើញថា វ៉ារ្យ៉ង់នេះមិនទាន់រីករាលដាលដល់កម្រិតណា ដែលជាកង្វល់ធំនៅឡើយទេ។ អ្នកស្រាវជ្រាវបាននិយាយថា៖ “ការសិក្សានេះបានពិពណ៌នាអំពីការលេចឡើងនៃកូវីដប្រភេទថ្មី ហើយដាក់ឈ្មោះថា IHU តែម្តង។ ទោះជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបាននិយាយថា វានៅមានការព្រួយបារម្ភណ៏តិចនៅឡើយទេ ដោយសារតែចំនួនករណីឆ្លងនៅមានទាបនៅឡើយ”។
អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃពុធថា កូវីដប្រភេទថ្មីនេះ ដែលបានដាក់ឈ្មោះដោយអ្នកសិក្សានៅវិទ្យាស្ថាន IHU Mediterranee Infection មិនមែនជាកង្វល់មួយនៅឡើយទេ ព្រោះវាបានរីករាលដាលតិចតួចបំផុតនៅប្រទេសបារាំង។
យោងតាមកាសែត The New York Times លោក Abdi Mahmud អ្នកគ្រប់គ្រងឧប្បត្តិហេតុកូវីដ បាននិយាយផងដែរកាលពីថ្ងៃអង្គារថា៖ “មេរោគនោះមានឱកាសច្រើនក្នុងការឆ្លង។ តែវានៅមានករណីឆ្លងតិចនៅឡើយ។ ដូចនេះហើយ ការបារម្ភណ៏ក៏នៅតិចទៅតាមហ្នឹងដែរ”៕