
ភ្នំពេញ ៖ ស្ត្រី៣នាក់រត់ទៅប្តឹងសមត្ថកិច្ចទាំងព្រឹក បន្ទាប់ពីត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយ៣ករណីផ្សេងគ្នា ៖
- ករណីទី១ ជនសង្ស័យធ្វើសកម្មភាពឆក់ស្ត្រីម្នាក់ ពេលដែលកំពុងជិះម៉ូតូទៅផ្សារ អស់លុយជិត៣០មុឺនរៀល និងសម្ភារៈមួយចំនួន កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
- ករណីទី២ ជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ពីស្ត្រី២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូទៅផ្ទះជួល អស់លុយនិងទូរស័ព្ទ៤គ្រឿង គ្រឿងអលង្ការ ទ្រព្យសម្បត្តិ សរុបជាង១ពាន់ដុល្លា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវចោមចៅ មុខបុរីលឹម ឈាងហាក់ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។
- ករណីទី៣ ជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូឌុបកូនទៅសាលារៀន អស់លុយជាង១លានរៀល ទូរស័ព្ទដៃ១គ្រឿងនិងឯកសារមួយចំនួនទៀត កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ សរុបទាំង៣ករណី គិតជាលុយអស់ជិត៣លានរៀល និងទ្រព្យសម្បត្តិមួយចំនួនទៀត ដោយសុវត្តិភាព គ្មានរំខានដល់សមត្ថកិច្ច
ជនរងគ្រោះទាំង៣នាក់ ជនរងគ្រោះករណី ទី១ ឈ្មោះ ហុិន ថារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានប្តីឈ្មោះ តុំ ឈាន់ អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតភូមិចំណងទៀក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ( អស់លុយជិយ៣០មុឺនរៀល និងសម្ភារៈមួយចំនួន)។ ជនរងគ្រោះ ករណីទី២ ឈ្មោះ គុណ សោភ័ណ្ឌណារី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ ញឹក វណ្ណី អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អស់ទូរស័ព្ទ៤គ្រឿង គ្រឿងអលង្ការ និងសម្ភារៈមួយចំនួន គិតជាងលុយអស់ជាង១ពាន់ដុល្លា ) ។ ជនរងគ្រោះ ករណីទី៣ ឈ្មោះ ម៉េង ហុងសេង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ បុរីពិភពថ្មី គម្រោងទី២ ផ្លូវជាតិលេខ៣ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ ( អស់លុយជាង១លានរៀល ទូរស័ព្ទ១គ្រឿង សម្ភារៈមួយចំនួន ) ។
តាមសម្តីជនរងគ្រោះទី១ បានឲ្យដឹងថា ពេលដែលគាត់ជិះម៉ូតូទៅផ្សារទួលពង្រ ក្នុងគោលបំណងរកទិញម្ហូប មិនទាន់បានទិញផង ត្រូវបានជនសង្ស័យម្នាក់ ជិះម៉ូតូពណ៌ស មិនចាំម៉ាក ឆក់យកកាបូបទៅបាត់ ។ ជនរងគ្រោះទី២ បានឲ្យដឹងថា ពេលដែលគាត់២នាក់ប្រពន្ធ វិលមកពីចូលរួមមង្គលការក្មួយឯស្រុក ធ្វើដំណើរទៅផ្ទះជួលវិញ ដល់ចំណុចផ្លូវចោមចៅ មុខបុរីលឹម ឈាងហាក់ ភូមិជ្រៃកោង ត្រូវបានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ឆក់កាបូបទៅបាត់ ។ ជនរងគ្រោះទី៣ បានឲ្យដឹងថា ពេលដែលឌុបកូន២នាក់ ទៅសាលារៀន និងបន្តទៅរកទិញឥវ៉ាន់នៅផ្សារជម្ពូវ័ន ជិះតាមផ្លូវជាតិលេខ៣ ទើបតែដល់ចំណុចភូមិកប់គង ត្រូវបានជនសង្ស័យម្នាក់ ជិះម៉ូតូ មិនចាំម៉ាក ពណ៌ស ធ្វើសកម្មភាពឆក់យកកាបូបពីចង្កេះទៅបាត់ ។
សម្រាប់ពឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ ជនសង្ស័យធ្វើសកម្មភាពឆក់ និងលួច ហាក់ដូចជាកក្រើកក្នុងខណ្ឌពោធិសែនជ័យ ជនរងគ្រោះបានរត់រកកន្លែងដាក់ពាក្យបណ្តឹង ទៅតាមទីកន្លែងកើតហេតុរៀងខ្លួន ៕