
ភ្នំពេញ ៖ នារីម្នាក់សង្ស័យស្រវឹង បានបើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ ក៏ត្រូវរថយន្តដឹកទំនិញធុនធំបុកវិលពីរជុំ ហើយរថយន្តធុនធំ រេចង្កូតទៅបុកបង្គោលភ្លើងស្តុបដួលរំលំសង្កត់លើម៉ូតូឡាំប្រឺតាមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីម៉ោងជិត១២យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ចំណុចភ្លើងស្តុប កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-5961 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសដៅចរាចរណ៍នឹងបំពានភ្លើងស្តុប ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ កំពង់ចាម 3A-8646 បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសវិលពីរជុំ។
ចំណែករថយន្តធុនធំបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងស្តុបដួលរលំសង្កត់មកលើម៉ូតូឡាំប្រឺតាពណ៌សពាក់ស្លាកលេខស្វាយរៀង1O-4479 កំពុងចតនៅតាមផ្លូវបណ្ដាលឲ្យរងការខូចខាតសំណាងល្អម្ចាស់កង់បីរត់ចេញទាន់។ រីឯបុរសជាព្រូរថយន្តម្នាក់បានគាបជើងជាប់នៅក្នុងកាប៊ីនរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់រួចយកចេញបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំង ពីរ គ្រឿង និងម៉ូតូឡាំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនៅពេលក្រោយ៕