
ភ្នំពេញ៖ រថយន្តធុនធំដឹកឈើ (អុសដុត) ផ្ទុកលើសទម្ងន់ បណ្ដាលឲ្យបាក់ដែកជន្ទាសរថយន្តផ្នែកកង់ខាងមុខ រ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ឈើអុសរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចទល់មុខហាងនំប៉័ង ក្បែររង្វង់មូលតាព្រហ្ម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ 3A-1309 ដឹកឈើដុំកង់ៗ ពេញរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីព្រែកលាភមកភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុរថយន្ត បានបាក់ដែកជន្ទាសរថយន្តកង់ខាងមុខ រ៉េចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ឈើរាយពេញផ្លូវ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប្រចាំនៅគោលដៅរង្វងមូលជ្រោយចង្វារក៏ដូចជាអាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ដើម្បីការសម្រួលចរាចរណ៍និងរើឈើចេញរថយន្តរួច ស្ទួចរថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕