
កំពង់ឆ្នាំងៈ យុវជនមួយនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារបើកម៉ូតូវ៉ាជែងនឹងគោយន្ត ជ្រុលទៅបុកជាមួយរថយន្ត មួយផ្សេងទៀត នៅវេលា ម៉ោង ៩និង៣០ នាទី យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ ១៥០B ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។
សមត្ថកិច្ចនគបាល ចរាចរណ៍ផ្លូវគោក ស្រុកទឹកផុស បានអោយដឹង នៅថ្ងៃទី៦ មករា នេះថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាក តូយ៉ូតា សុីណា ពណ៌ សពាក់ផ្លាកលេខ ភ្នំពេញ 2AR3218 បើកបរដោយឈ្មោះ ឆេង រិទ្ធថារ៉ូ ភេទ ប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ បើកបរចេញពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ពេលបើកមកដល់ចំណុចកើត ហេតុ ខាងលើ ក៍បុកគ្នាជាមួយម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាក លេខ កំពង់ឆ្នាំង 1K14.16. បើកបរដោយឈ្មោះ យិន ហៀ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បើកចេញពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ។
នគបាលចរាចរណ៍ផ្លូវគោក ស្រុកទឹកផុស បានអោយដឹងទៀតថាៈ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្ដាលមកពី អ្នកបើកបរម៉ូតូ បើកវ៉ាជែង និងគោយន្តមួយគ្រឿង នៅពីខាងមុខ ហើយបានជ្រុលចង្កូត ទៅបុកជាមួយនឹងរថយន្ត មួយគ្រឿងផ្សេងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពអោយក្រុមគ្រួសារ។ ដោយឡែក អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន រួមនឹងវត្ថុតាងទាំងពីរគ្រឿង (ម៉ូតូ និងរថយន្ត) នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធី៕