
អាមេរិក ៖ ក្រុមហ៊ុន Apple របស់អាមេរិកសម្រេចបានកំណត់ត្រាដ៏សំខាន់មួយទៀតដោយមានតម្លៃទីផ្សារចំនួន៣លានលានដុល្លារ គិតត្រឹមថ្ងៃច័ន្ទ ទី៣ មករា ឆ្នាំ២០២២ កន្លងមកនេះ ធ្វើឲ្យវាក្លាយជាក្រុមហ៊ុនមួយជួញដូរសាធារណៈដំបូងរបស់ពិភពលោកដែលមានតម្លៃដ៏មហាសាលបែបនេះ។
ភាគហ៊ុនរបស់ Apple បានកើនឡើងប្រហែល ៣ភាគរយក្នុងរយៈពេលខ្លីពី ១៨២,៨៥ដុល្លារ មក ១៨២,៨៨ដុល្លារក្នុងមួយហ៊ុនដែលធ្វើឲ្យវាសម្រេចបានតម្លៃទីផ្សារ ៣លានលានដុល្លារបែបនេះ។ ប៉ុន្តែក្រោយមកភាគហ៊ុនរបស់វាក៏បានធ្លាក់ចុះមកបន្តិចវិញ។


តម្លៃទីផ្សាររបស់ក្រុមហ៊ុនយក្សនេះបានកើនមកដល់ ១លានលានដុល្លារ នៅខែសីហា ឆ្នាំ ២០១៨ និងឡើងដល់តម្លៃ ២លានលានដុល្លារនៅខែសីហា ឆ្នាំ ២០២០។
ក្នុងឆ្នាំ ២០២១ ភាគហ៊ុនរបស់វាបានកើតឡើងជិត ៣៥ភាគរយដោយសារតែតម្រូវការខ្ពស់សម្រាប់ផលិតផល iPhone 13 និងផលិតផលជាច្រើនទៀតដូចជា សេវាកម្ម Apple Music, Apple TV+, iCloud និងកម្មវិធី App Store ដ៏ពេញនិយមផងដែរ។


Apple នៅតែឈរក្នុងតំណែងលេខ ១ជាក្រុមហ៊ុនថ្លៃបំផុតរបស់ពិភពលោក ខណៈក្រុមហ៊ុន Microsoft របស់លោក Bill Gates មានតម្លៃ ២,៥លានលានដុល្លារ និងតាមពីក្រោយដោយក្រុមហ៊ុន Alphabet ដែលមានតម្លៃ ២លានលានដុល្លារ ខណៈក្រុមហ៊ុន Amazon របស់លោក Jeff Bezos មានតម្លៃ ១,៧លានលានដុល្លារ និងក្រុមហ៊ុន Tesla របស់លោក Elun Musk មានតម្លៃ ១,២លានលានដុល្លារ៕
(យោងតាមប្រភព៖ CNN)