
យុវជនម្នាក់ ព្រោះតែខូចចិត្តនឹងសង្សារសុំបែកទៅរៀបការជាមួយអ្នកផ្សេង សម្រេចចិត្ត ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបានកើតទ្បើងនៅក្នុងបុរី ១កន្លែងនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ប៊ូ ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ មានស្រុកំណើត ក្នុងភូមិជ្រោយ ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា យុវជនជាជនរងគ្រោះ ខាងលើបានស្គាល់គ្នាជាមួយនារីម្នាក់បានស្រទ្បាញ់គ្នា ដោយមានទាំង ឪពុកម្ដាយ ទាំង សងខាងដឹងឮ ម្តាយខាងស្រីបានឲ្យយុវជនខាងលើចូលស្តីដណ្តឹង។ តែដោយសារតែ យុវជនខាងលើមានជីវភាពលំបាកក៏បានសុំពន្យាពេលចូលស្ដីដណ្ដឹង លុះមកដល់យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នារីខាងលើបានខលទូរស័ព្ទមកប្រាប់យុវជនខាងលើថា ខ្លួនទៅរៀបការ ជាមួយបុរសផ្សេង ស្រាប់តែយុវជនខាងលើបានតូចចិត្តយ៉ាងខ្លាំង និងបាននិយាយប្រាប់ បងប្អូនថាសង្សាររបស់ខ្លួនទៅរៀបការជាមួយអ្នកផ្សេងហើយ។ លុះមកដល់ព្រឹកទ្បើងក៏ប្រទះឃើញសាកសពដោយយុវជនខាងលើបានយក ខ្សែអង្រឹងចងក សម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ ក្បែរខាងទាំងព្រឹកព្រលឹមនិងបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅទីតាំងកន្លែងហេតុ។
សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ របស់ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាជនរងគ្រោះបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដ មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។
ក្រោយធ្វើកំណត់ហេតុរួច សាកសពយុវជនខាងលើត្រូវបានសមត្ថកិច្ច បានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕