
អង់គ្លេស ៖ ក្រុមហង្សក្រហម Liverpool បានដាក់សំណើជាផ្លូវការហើយទៅកាន់លីគបាល់ទាត់អង់គ្លេស (EFL) ដើម្បីសុំពន្យារពេលការប្រកួតពានរង្វាន់ EFL Cup (Carabao Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ទល់នឹងក្រុមកាំភ្លើងធំ Arsenal នៅវេលាម៉ោង ២:៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា (ម៉ោងនៅកម្ពុជា) ដោយសារការកើនឡើងករណីឆ្លងកូវីដ-១៩ លើកីឡាករបុគ្គលិករបស់ខ្លួន។
ក្រុមឈុតធំ Liverpool បានសម្រេចចិត្តលុបចោលការហ្វឹកហាត់កាលពីថ្ងៃទី៤ ខែមករា។ ខណៈពេលដែលអ្នកចាត់ការទូទៅ Jurgen Klopp បានខកខានដឹកនាំក្រុមសម្រាប់ការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្រុមតោខៀវ Chelsea កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ។
ក្រៅពីមានកីឡាករឆ្លងកូវីដ Liverpool ក៏ត្រូវអវត្តមានកីឡាករសំខាន់ៗរបស់ខ្លួនគឺ Mohamed Salah, Sadio Mane និង Naby Keita ដែលត្រូវបានជាប់បំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិរបស់ពួកគេ សម្រាប់ពានរង្វាន់ Africa Cup of Nations។
ទន្ទឹមជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់ស្ថាប័ន EFL បានថ្លែងថា “សំណើរបស់ Liverpool ឥឡូវនេះត្រូវបានពិចារណាដោយអនុលោមតាមច្បាប់នៃការប្រកួត ដែលកំណត់នៅដើមរដូវកាលនេះ រួមជាមួយព័ត៌មានដែលដាក់ជូនដោយក្លិប។ យើងនឹងស្វែងរកការបញ្ជាក់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលសំណើត្រូវបានពិនិត្យយ៉ាងពេញលេញ”៕
