រាជធានីភ្នំពេញ: ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំ អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្អប្រឆាំងគ្រឿងញៀន ក្រសួងឧស្សាហកម្ម វិទ្សាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ រួចមក ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះការខិតខំរបស់សមត្ថកិច្ចកន្លងមកលើការងារគ្រប់គ្រងសារធាតុគីមីផ្សំ។ ឯកឧបនាយករដ្ឋមន្រ្តី បានប្រសាសន័បន្ថែមថានៅខណៈពេលដែលសេដ្ឋកិច្ច ឧស្សាហកម្មក្នុងតំបន់ និងពិភពលោកកើនឡើង នោះការគ្រប់គ្រងសារធាតុគីមីផ្សំក៏មានភាពស្មុគស្មាញដែរ ជាពិសេសក្រុមឧក្រិដ្ឋជនគ្រឿងញៀនតែងតែឆ្លៀតឱកាសបង្វែរសារធាតុគីមីផ្សំស្របច្បាប់ ទៅជាការកែច្នៃគ្រឿងញៀនសំយោគដែលងាយនឹងផលិតដោយប្រើរយៈពេលខ្លី ទីតាំងងាយស្រួល ជាមួយនឹងឧបករណ៍ទំនើប។
ពាក់ព័ន្ធនឹងការងារខាងលើនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសារធាតុគីមីផ្សំនៅក្នុងប្រទេសឲ្យកាន់តែល្អប្រសើរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំ៖ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពក្រុមការងារអន្តរក្រសួងស្តីពីការគ្រប់គ្រងសារធាតុគីមីផ្សំ ឡើងវិញ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរួមគ្នាពង្រឹងយន្តការអធិការកិច្ចសារធាតុគីំមីផ្សំនៅតាមរោងចក្រ សហគ្រាស និងត្រូវមានការអប់រំ ណែនាំ និងរបាយការណ៍ស្តីពីសន្និធិ ការនាំចូល និងការផលិតនាំចេញច្បាស់លាស់ ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់នៅតាមគោលដៅកំពង់ផែ និងការិយាល័យត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន BLOនូវចំណេះដឹងស្តីពីសារធាតុគីំមី។