រតនគិរី៖បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និង ៤ នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូ ២ គ្រឿងបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣៥ នាទីយប់ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ ៧៨ ស្ថិតនៅក្នុងភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង។
លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងថា ម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-3164 បើកបរក្នុងទិសដៅពីលិចទៅកើត ជិះគ្នា ៣ នាក់ បើកបរដោយឈ្មោះ ស៊ឹម សុភ័ក្ក្រវ៉ាន់នី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសធ្ងន់។ អ្នករួមដំណើរ ទី ១.ឈ្មោះ ស៊ឹម សុវណ្ណ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសធ្ងន់, ទី ២.ឈ្មោះ វ៉ែន សិលា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសធ្ងន់ ទាំង ៣ នាក់ មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
រីឯម៉ូតូ១គ្រឿងទៀតម៉ាក Exeter ពណ៌ខ្មៅ(គ្មានស្លាកលេខ)ជិះគ្នា ២ នាក់ បើកបរក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ គង់ ជីវ័ន្ត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់។ អ្នករួមដំណើរឈ្មោះ វ៉ា ឡុងអេង ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់ បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់ទាំង ២ នាក់មានទីលំនៅភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយកើតហេតុ អ្នករងគ្រោះទាំង ៥ នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ បន្ទាប់ពីកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ខេត្តមកធ្វើការវាស់វែងហើយរឹបអូសយកមធ្យោបាយទាំង ២ គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕