
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តមស សុខា ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដឹកនាំប្រតិភូ និងកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ពិភពលោក ចូលរួមពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។
សូមរំលឹកថា ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ បានរៀបចំការប្រកួតជា ៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងផ្នែកយុវជន ប៉ុន្តែកម្ពុជា មិនបានបញ្ជូនកីឡាករផ្នែកយុវជន ទៅចូលរួមនោះទេ ។ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយមាសផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ។
សូមរំលឹកផងដែរថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់បានឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក ។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥ របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះក្នុងឆ្នាំ២០១៣ នៅប្រទេសបារាំង ឆ្នាំ២០១៥ នៅប្រទេសថៃ ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៩ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ ។
ជាមួយគ្នានេះ កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការធ្វើដំណើរវិលត្រឡប់មកមាតុប្រទេសវិញ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្នុងការរៀបចំក្បួនដង្ហែជូនដំណើរយ៉ាងអធិកអធមផងដែរ៕