
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានដណ្តើមយកកាំភ្លើងពីសមត្ថកិច្ច ហើយបានបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ បណ្តាលឲ្យពលរដ្ឋចំនួន០២នាក់ រងរបួស។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅក្នុងតំបន់សម្បុកគ្រឿងញៀន ខាងកើតវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរងគ្រោះទាំង២នាក់ ឈ្មោះ ទេព សាវឿន ហៅយាយវិត អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ និងឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ក្បែរគោកបញ្ជាន់នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ ល្បីខាង ជួញ ជក់ លក់ គ្រឿងញៀន មិនចាញ់ បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃកន្លងមក ចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ តដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់លើសមត្ថកិច្ច និងបាញ់តាមផ្លូវ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំក្មេងស្រីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់ ដកហូតអាវុធបានមកវិញ ហើយនាំគ្នាឡើងឡានចាកចេញទៅបាត់អស់ ទុកតែពលរដ្ឋរងរបួស២នាក់ ក្រុមគ្រួសារចាត់ចែងដឹកយកទៅពេទ្យខ្លួនឯង៕