
ភាគច្រើនមនុស្សយើងកម្រនឹងយកចិត្តទុកដាក់ចំពោះសុខភាពបំពង់កណាស់ លុះត្រាតែមានអារម្មណ៍ថា រមាស់, ស្ងួតបំពង់ក ឬចាប់ផ្ដើមឈឺចាប់ពិបាកលេបអាហារ។ ការថែរក្សាសុខភាពបំពង់កគ្មានអ្វីពិបាកនោះទេ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែអនុវត្តនូវទម្លាប់មួយចំនួន ដែលអ្នកនឹងស្គាល់នៅថ្ងៃនេះ!
១. ប្រើច្រាសដុសធ្មេញដល់ស្អាត
នេះក៏ព្រោះតែមេរោគបាក់តេរីដែលមានប្រភពចេញពី អាហារ និងវត្ថុធាតុដើមផ្សេងៗទៀតអាចជាប់នៅក្នុងច្រាសដុសធ្មេញ បន្ទាប់ពីអ្នកធ្វើការដុសសម្អាតធ្មេញ។ ដូច្នេះនៅមុនពេលអ្នកដុសសម្អាតធ្មេញនៅពេលព្រឹក ចូរលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង ហើយត្រឹមច្រាស់ដុសធ្មេញរបស់អ្នកចូល។ អំបិល មានប្រសិទ្ធិភាពធ្វើឲ្យកោសិកាបាក់តេរីខ្សោះទឹក ហើយរារាំងបាក់តេរីមិនឲ្យលូតលាស់ពេញក្នុងមាត់រាលដាលដល់បំពង់ករបស់អ្នកបាន។
២. ខ្ពុរមាត់ជាមួយទឹកអំបិល
អំបិល គឺជាថ្នាំសម្លាប់មេរោគបាក់តេរីបែបធម្មជាតិ ដែលល្អប្រសើរណាស់ក្នុងការទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី។ ដូច្នេះដើម្បីរក្សាបាននូវបំពង់កដែលមានសុខភាពល្អ ហើយបំបាត់បញ្ហាក្លិនមាត់មិនល្អ ចូរខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ណៗនៅមុនពេលចូលគេងជាប្រចាំ។
៣. រក្សាសំណើមក្នុងបំពង់ក
ចូរទទួលទានទឹកឲ្យបានញឹកញាប់ ហើយគ្រប់គ្រាន់ ដោយជៀសវាងការទទួលទានភេសជ្ជៈជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងច្រើនហួសកម្រិត ឬជាប្រចាំផងដែរ។ ប្រសិនបើអ្នកស្រេកទឹក ចូរទទួលទានទឹកធម្មតា ជំនួសឲ្យភេសជ្ជៈកំប៉ុងផ្សេងៗទៀត។ អ្នកជំនាញសុខភាពណែនាំឲ្យទទួលទានទឹកយ៉ាងហោចណាស់ពី ៦ ទៅ ៨ កែវ ក្នុងមួយថ្ងៃ ឬច្រើនជាងនេះប្រសិនបើអ្នកកំពុងធ្វើការក្រោមបរិយាកាសក្ដៅស្ងួត ឬក្នុងបន្ទប់ម៉ាស៊ីនត្រជាក់៕