
សិង្ហបុរី ៖ លោក Alexandre Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានព្រមានកូនក្រុមកុំឲ្យត្រេកអរខ្លាំងជ្រុល និងមិនត្រូវធ្វេសប្រហែសពេលប៉ះឥណ្ឌូណេស៊ីនៅជើងទី២ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020។ បើទោះជើងទី១ ពួកគេបានយកឈ្នះលទ្ធផល ៤-០ យ៉ាងណាក៏ដោយក្តី។
ជំនួបជើងទី១ ដែលធ្វើឡើងនៅឯកីឡដ្ឋានជាតិសិង្ហបុរីក្នុងទីក្រុង Kallang កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ប្រធានក្រុម Chanathip Songkrasin រកបាន២គ្រាប់ម្នាក់ឯង ខណៈពេលដែល Supachok Sarachat និង Bordin Phala បន្ថែមម្នាក់មួយគ្រាប់ ហើយជាលទ្ធផលម្ចាស់ជើងឯក៥សម័យកាលថៃ បំបាក់ក្រុមរងជើងឯក៥លើកឥណ្ឌូណេស៊ីលទ្ធផល ៤-០។
លោក Alexandre Polking បានថ្លែងក្រោយបញ្ចប់ការប្រកួតថា “ខ្ញុំមិនគិតថារឿងនេះបានបញ្ចប់នោះទេ។ យើងធ្លាប់បានឃើញក្រុមល្អបំផុតក្នុងពិភពលោកធ្លាក់ចេញពីពានរង្វាន់ Champions League ក្រោយចាញ់ការប្រកួតជើងទី២ បន្ទាប់ពីនាំមុខ ៤-០ នៅជើងទី១”។
បុរសសញ្ជាតិប្រេស៊ីលវ័យ៤៥ឆ្នាំរូបនេះបន្តទៀតថា “យើងនឹងផ្តោតអារម្មណ៍ និងផ្តល់អ្វីៗគ្រប់យ៉ាងដែលយើងមានទាំងស្រុង ព្រោះយើងមិនអាចផ្តល់ឱកាសឲ្យឥណ្ឌូណេស៊ីវាយបកនៅជើងទី២បាននោះទេ”។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅជើងទី២ នឹងធ្វើឡើងនាថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៧:៣០នាទីយប់ (ម៉ោងនៅកម្ពុជា)៕
(ប្រភពអត្ថបទពី CNA)