
ឃាត.ក ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីកាប់និងចាក់សម្លាប់ ទៅលើយុវជនម្នាក់ទៀតរហូតដល់ស្លាប់នៅកន្លែងធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង៣៨នាទី នៅចំណុចមណ្ឌលធ្វើចត្តាឡីស័ក (អតីត រោងចក្រម្សៅមី) ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើហិង្សាបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ បណ្តាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ
១. លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (រត់គេចខ្លួន) ។
២.ឈ្មោះ ទិន ស៊ីញៀន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង (រត់គេចខ្លួន)។
និ៣.ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្ក្រង ឃុំអង្ក្រង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
ជនដៃដល់ទាំងបីបានធ្វើសកម្មភាព យកដាវសាំម៉ូរ៉ៃ និងកូនកាំបិតកាប់ និងចាក់ ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជេ ជាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅធ្វើចត្តាឡីស័កក្នុងមណ្ឌលជាមួយគ្នា បណ្ដាលឲ្យរងរបួស ចំហៀងខាងឆ្វេង និងស្មា ចំហៀងខាងឆ្វេងចំនួន ០៤កន្លែងធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្នុងករណីនេះ ដោយអនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាលដំបង និងមានការឯកភាពពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ផងនោះ ទើបលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕