
តើអ្នកកំពុងតែមានបញ្ហាឈឺខ្នងមែនទេ? ជាការពិតណាស់ ការឈឺខ្នងគឺកើតឡើងលើមនុស្សជាច្រើន ដែលរាប់ទាំងមនុស្សចាស់និងក្មេងៗ។ នេះក៏ព្រោះតែទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនល្អដល់ឆ្អឹងខ្នង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនេះ ហើយអាចនឹងគិតគូរលុបបំបាត់វាចេញបាន។
១. មិនហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជួយដល់បង្កើនការលូតលាស់នៃសាច់ដុំដែលចាំបាច់សម្រាប់ការទ្រទ្រង់ខ្នងផងដែរ។ នៅពេលអ្នកមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេនោះអាការៈឈឺខ្នងនឹងលេចឡើង។ ការមិនធ្វើលំហាត់ប្រាណសោះក៏ជះឥទ្ធិពលដល់សុខភាពសន្លាក់គួរឲ្យកត់សម្គាល់ដោយលំហូរឈាមទៅកាន់សន្លាក់ត្រូវបានកាត់បន្ថយ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ឬរាងកាយមានភាពសកម្មពិតជាអាចជួយទប់ស្កាត់បញ្ហាសន្លាក់បានយ៉ាងល្អប្រសើរ។
២. អង្គុយយូរ
ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗ អាចធ្វើឲ្យអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការអង្គុយផ្ដល់សម្ពាធដល់ឆ្អឹងខ្នងច្រើនជាងការឈរ។ ម្យ៉ាងវិញទៀតទម្លាប់នេះក៏អាចបណ្ដាលឲ្យសាច់ដុំខ្នងចុះខ្សោយដោយសារភាពអសកម្មផងដែរ។
៣. ប្រើប្រាស់ពូកចាស់ពេក
ពូកល្អមួយអាចរក្សាគុណភាពត្រឹមពី ៨ ទៅ ១០ ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្លាប់ផ្លាស់ប្ដូរពូកថ្មីសោះសម្រាប់រយៈពេលច្រើនជាង ១០ ឆ្នាំហើយនោះឆ្នឹងកងខ្នងប្រាកដជាមិនអាចទទួលបានការទប់ទ្រស្របតាមតម្រូវការឡើយ។ ដើម្បីជាការប្រសើរចូរផ្លាស់ប្ដូរពូកចាស់ចេញដោយជំនួសមកវិញនូវពូកថ្មីដែលមិនរឹងពេក ឬទន់ពេក៕