
ខេត្តបាត់ដំបង៖ យុវជនម្នាក់បានស្លាប់នៅក្នុងធ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីមានការផឹកស៊ី នៅក្នុងមណ្ឌលចត្តាឡីស័ក ហើយក៏មានការទាស់ទែងគ្នា ដោយសារបញ្ហាភ្លើងប្រច័ណ្ឌ។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៩ យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងភូមិល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
យោងតាមព័ត៌មានបឋមដែលទទួលបានពីប្រភពនៅក្នុងមណ្ឌលបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញក្រុមយុវជនទាំងនេះ មានការជួបជុំផឹកស៊ី ហើយក៏បានទាស់សម្តីគ្នាដោយសារភ្លើងប្រច័ណ្ឌ ទើបឈានដល់ការបបួលគ្នាវ៉ៃនៅក្នុងអគារ ដែលគ្មានអ្នកស្នាក់នៅ។
ប្រភពដដែលបានបន្តថា នៅពេលនោះគេគ្រាន់តែដឹងថា ភាគីរងគ្រោះតែម្នាក់ឯង ឯភាគីបង្កមានបក្ខពួកជាង១០នាក់ ថែមទាំងមានដាវសាំម៉ូរ៉ៃទៀតផង ទើបមានការកាប់ស្លាប់ភ្លាមៗមួយរំពេច។
ក្រោយពេលកើតហេតុមានជនបង្ក៣នាក់ បានយកអាវខ្មៅទៅគ្របលើលួសបន្លា ហើយពួកគេបានផ្លោះចេញក្រៅមណ្ឌលដោយរត់គេចខ្លួនបាត់ស្រមោល។
ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច មេត្តាពង្រឹង និងរឹតបន្តឹងការការពារ ក៏ដូចជាការត្រួតពិនិត្យទៅលើសម្ភារ ដែលបាននាំចូល ព្រោះការធូររលុងនេះ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារតែមានការនាំយកដាវសាំម៉ូរ៉ៃចូលបាន ថែមទាំងអាចយកស្រាចូលទៅផឹកក្នុងមណ្ឌលទៀត។
ថ្មីៗនេះមានការបែកធ្លាយមកថា អ្នកយាមការនៅមណ្ឌលមានការយកលុយកាក់ ដោយបើកដៃឲ្យឈ្មួញយកទំនិញផ្សេងៗចូលទៅលក់ក្នុងមណ្ឌល ឬខាងមុខមណ្ឌលថែមទៀតផង ដែលបញ្ហានេះគួរតែអាជ្ញាធរពិនិត្យឡើងវិញ ។