
ខេត្តស្ទឹងត្រែង÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងរថយន្ត និង រថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបានបុកគ្នាបណ្ដាលឲ្យមនុស្សស្លាប់០២នាក់ របួសធ្ងន់ ០១ និង របួសស្រាល០១នាក់ ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច រថយន្ត០២គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១, ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌សស្លាកលេខភ្នំពេញ3D 3597 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគ្នាជាមួយនឹងរថយន្តម៉ាក់វេអងពណ៌ខៀវពាក់ ស្លាកលេខ ព្រៃវែង 3A0726 បើកបរក្នុងទិសដៅពីលិចទៅកើត រថយន្តទាំងពីរបានបុកគ្នាយ៉ាងពេញទំហឹង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើស្ថិតនៅចំណុចទួលឈូកលើ នៅតាមបណ្ដោយផ្លូវជាតិលេខ០៩ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី០២ខែមករាឆ្នាំ ២០២២ វេលាម៉ោង០៩ និង១៩នាទី ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះ
១/ឈ្មោះ ឃូល ឡុងគាតូច ជាអ្នករួមដំណើរជាមួយរថយន្តម៉ាក់ហ៊ីហាន់ដាយ បានបានស្លាប់នៅនឹងកន្លែងកើតហេតុ។
២/ឈ្មោះ ភាជ ឌីណា ភេទប្រុសអាយុ 24 ឆ្នាំជាអ្នករួមដំណើរជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបន្ថែមឲ្យដឹងទៀតថា អ្នករបួស ១/ឈ្មោះរ៉ុន រឿនជាអ្នកបើកបររថយន្តម៉ាកវេអង បានរងរបួសស្រាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
២/ឈ្មោះភាជ ចាន់រ៉ា ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីបើកបរវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។សាកសពជនរងគ្រោះទាំង ០២នាក់ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះត្រូវបានត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕