
ខេត្តកំពង់ធំ៖ ភ្លើងប្រចណ្ឌនិងញៀនស្រាស បុរសជាប្តីយកពូថៅមកកាប់ចញ្រ្ចាំប្រពន្ធដាច់ ក ហើយពុះទ្រូងបណ្តាលឲ្យស្លាប់ភ្លាមៗ និងបន្តរត់ទៅកាប់អ្នកជិតខាងបណ្តាលឲ្យស្លាប់ម្នាក់ទៀតនិងរត់ទៅកាប់អ្នកផ្សេងទៀត រងរបួសធ្ងន់២នាក់ស្រាលម្នាក់។
អំពើឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើង នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២២ ចំណុចភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនសង្ស័យដែលជាជនដៃដល់ឈ្មោះប៉ុស ឡាប អាយុ៣៣ឆ្នាំ។ ជនរងគ្រោះទី១ ស្រ្តីរងគ្រោះត្រូវប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ(ស្លាប់)មានទីលំនៅ ភូមិឃុំកើតហេតុបន្សល់ទុកនូវកូន២នាក់(ស្រីទាំងពីរ)កំព្រាឪពុកម្តាយ។
ទី២ជនរងគ្រោះឈ្មោះពេជ្រ ហ៊ុនភេទប្រុសអាយុ៥៦ឆ្នាំជនសង្ស័យកាប់ចំកញ្ចឹង.ក.(ស្លាប់ក្រោមផ្ទះ)មានទីលំនៅភូមិឃុំកើតហេតុ
ទី៣អ្នកដែលរងរបួសទី១ឈ្មោះ កង រិនភេទស្រីអាយុ៣៩ឆ្នាំ(របួសធ្ងន់)
ទី២ឈ្មោះ កែ អំភេទស្រីអាយុ៧៦ឆ្នាំ (របួសធ្ងន់)
ទី៣ឈ្មោះខាត់ ប្រេង ភេទប្រុសអាយុ៤១ឆ្នាំ (របួសស្រាល)។
លោកទិត្យ សំណាងស្នងការរងទទួលផែនព្រហ្មទ័ណ្ឌខេត្តកំពង់ធំ បានផ្តល់ព័ត៌មានតាមប្រព័ន្ធ តេឡេក្រាមឲ្យដឹងថា៖ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាកម្លាំងក្រោមឱវាទនិងសហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការហ៊ុំព័ទ្ធទីតាំងកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
ជនសង្ស័យត្រូវបានកម្លាំង នគរបាលស្រុកបារាយណ៍កសាងសំណុំរឿងបញ្ជូនទៅស្នងការ នគរបាលខេត្តកំពង់ធំ ដើម្បីចាត់បន្តទៅតាមនិតិវិធី។ ចំណែកសាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯអ្នករងរបួសធ្ងន់ស្រាលសាច់ញាត្តិដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក៕