
កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកជាមួយម៉ូតូ ពីរកន្លែងផ្សេងគ្នា ក្នុងស្រុកសំរោងទងតែមួយ បណ្តាលឲ្យមនុស្ស បួននាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់។
សមត្ថកិច្ច បានឲ្យដឹងថាៈ ករណីទី១ កើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ៣៤-៣៥ ត្រង់ចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1X-0283 អ្នកបើកបរឈ្មោះ ពៅ សឿន ភេទប្រុស អាយុ២២ឆ្នាំ ឌុបមនុស្សម្នាក់ ឈ្មោះ គុណ គៀន ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបើកបរពីទិសខាងកើត ទៅខាងលិច លុះបើកមកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្តមួយគ្រឿង ម៉ាក Hyundai STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-8488 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) ដែលកំពុងបើកបរ ពីទិសខាងលិច ទៅខាងកើត បន្ទាប់មក រថយន្តបានរេចង្កូត ទៅប៉ះមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ (ជាជនជាតិចិន) ដែលកំពុងដើរ ពីទិសខាងកើត ទៅខាងលិច បណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ បានស្លាប់ ពេលបញ្ជូនដល់ មន្ទីពេទ្យ។
សមត្ថកិច្ច បានបន្តថាៈ ករណីទី២ កើតឡើង ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7745 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងលិច ទៅខាងកើត លុះបើកមកដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1CU-9775 អ្នកបើកបរ ឈ្មោះ ហួន រាត្រី ភេទប្រុស អាយុ១៩ឆ្នាំ ឌុបមនុស្សម្នាក់ ឈ្មោះ សុវណ្ណ សីហា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងបើកបរ ពីទិសខាងកើត ទៅខាងលិច បណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ប្រភពដដែល បានបន្តថាៈ ក្រោយពីកើតហេតុ អ្នករងរបួស បានយកទៅព្យាបាល នៅមន្ទីពេទ្យ ចំណែកសាកសពទាំង បួននាក់ បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាង ទាំង ៤ គ្រឿង បានត្រូវយកទៅ រក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងគង ដើម្បីចាត់ការតាមនីតិវិធី៕