
រថយន្តធុនធំពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅលើផ្លូវជាតិលេខ៤ លើស្ពានទឹកសាប ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
គ្រោះថ្នាក់ចរាចរណ៍នេះ គឺរវាងរថយន្តដឹកសំរាម (ម៉ាក DAEWOO) អត់ពាក់ផ្លាកលេខ បើកបរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម ពេលមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូត មកខាងឆ្វេងដៃ រួចក៍បុកប៉ះនឹងរថយន្ដធុនធំមួយគ្រឿងម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ 3A-5978 ទិសដៅបញ្ច្រាស់ទិសគ្នា។
ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកបើកបររថយន្ដដឹកសំរាមស្លាប់នៅនិងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។