(ព្រៃវែង)៖ព្រោះតែទំនាស់ក្នុងការងារ ប្រធាន«គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន»សាខាស្វាយអន្ទរម្នាក់ បានសម្លាប់នារី ជាបុគ្គលិករបស់ខ្លួន បណ្ដាលឱ្យស្លាប់នៅកន្លែងការងារ។ ក្រោយមកជនដៃដល់ បានផឹកស្រាស្រវឹង រួចលួចទៅសម្រាកនៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនតែម្ដង។
លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឱ្យ«ដើមរាំង»ដឹងថា៖ ជនដៃដល់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំស្រុកពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខា(គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន) ស្រុកស្វាយអន្ទរ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកទី២៧.០៩.២០២១។
រីឯជនរងគ្រោះឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង.ជាបុគ្គលិកសាខា(គ្រឹះស្ថានវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន)។
ស្ត្រីឈ្មោះ សឿ សុវណ្ណរី អាយុ ៥០ឆ្នាំ ជាម្តាយសពជនរគ្រោះបានប្រាប់ឲ្យដឹងថា គឺនៅមុនពេលកើតហេតុ នៅ
វេលាម៉ោង១០.នាទីព្រឹកថ្ងៃទី២៦.០៩.២០២១។
កូនស្រីរបស់គាត់(ជនរងគ្រោះ)ត្រូវមេរបស់ខ្លួន(ជនដៃដល់) ហៅឲ្យទៅប្រជុំនៅ(គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន)ស្ថិតនៅស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា៖ រហូតដល់វេលាម៉ោង០៩យប់ ក្នុងថ្ងៃដដែល ទើបទទួលព័ត៌មានថា៖ កូនស្រីរបស់គាត់បានស្លាប់នៅកន្លែងធ្វើការ។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម និងមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង។
ដឹកនាំផ្ទាល់ដោយលោកឧត្តសេនីយ៍ត្រី ពៅ ជីវី ស្នងការរងខេត្ត សម្របសម្រួលនីតិវិធីដោយលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង ចុះស្រាវជ្រាវនៅកន្លែងកើតហេតុទាំងយប់ រហូតឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនដៃដល់ នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកទី២៧.០៩.២០២១។
លោកឧត្ដមសេនីយ៍ ពៅ ជីវី បានឱ្យដឹងទៀតថា៖ ករណីនេះក្រោយធ្វើសកម្មភាព ជនសង្ស័យបានមកផ្ទះរបស់ខ្លួន រួចផឹកស្រាស្រវឹង។ ស្របពេលដែលសមត្ថកិច្ចកំពុងប្រមែលប្រមូលភស្ថតាង បន្ទាប់មកប្រពន្ធជនសង្ស័យ បាននាំប្ដីរបស់ខ្លួន ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ក្រោមហេតុផលថា ជនសង្ស័យលេបថ្នាំពុលសម្លាប់ខ្លួន!។
ទន្ទឹមនឹងនោះ កម្លាំងសមត្ថកិច្ចបានយាមកាម ជនសង្ស័យនៅមន្ទីរពេទ្យ លុះគ្រូពេទ្យបញ្ជាក់សុខភាព ថាជនសង្ស័យប្រក្រតីធម្មតាទេ។
នៅព្រឹកទី២៧.០៩.២០២១ កម្លាំងសមត្ថកិច្ចក៍ចាប់ខ្លួនជនសង្ស័យ មកសួរនាំចាត់ការតាមនីតិវិធីតែម្ដងទៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានសម្លាប់បុគ្គលិករបស់ខ្លួនប្រាកដមែន ដោយសារទំនាស់រឿងការងារ៕
តាមដានព័ត៍មាន ជាមួយសារព័ត៍មានសករាជថ្មី ដោយចុចលើលីងតំណភ្ជាប់ Telegram Channel: https://t.me/informationofnewera