កំពង់ឆ្នាំងៈ សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាល ស្រុកសាមគ្គី មានជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ១៧ កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅវេលាម៉ោង ៨ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គមានជ័យ ខេត្តកំពង់ឆ្នាំង។
ស្នងការរងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹង តាមទូរស័ព្ទ នៅថ្ងៃទី ២៨ធ្នូ ២០២១នេះថាៈ ជនសង្ស័យនេះ ឈ្មោះ ជា ជាតិ ហៅ ចាប ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ ខុសច្បាប់ នូវសារធាតុញៀន។
លោកវរៈសេនីយ៍ឯក ហ៊ុល វាសនា បានបញ្ជាក់ថាៈ នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង ថ្នាំញៀន ចំនួន ១៧ កញ្ចប់ ទម្ងន់ ៣៣,៤៥ ក្រាម ទូរស័ព្ទ មួយគ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង និងបញ្ជូន មកស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្ត តាមនីតិវិធី។