ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ហើយវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០ ជិតសាលាបឋមសិក្សា ហ៊ុន នាង ក្នុងភូមិ៦ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BR-១២២៣ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាឡំប្រឺតាបណ្ដាលឱ្យរថយន្តចូលចំណីផ្លូវខាងម៉ូតូជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក់ MOOVE ចំពីមុខពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ និងត្រូវបានរថយន្តរបស់បងប្អូនជនរងគ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចបានទាក់ទងបន្តទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ មកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។