ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដើរចូលមកបប៉ុនប៉ងលួចកាច់កម៉ូតូនៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ត្រូវកម្លាំងប្រចាំការធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យទី៣ បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួននោះមានឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) និងវត្ថុតាងចាប់យក រួមមាន ៖ ដែកចុងស្រួចចំនួន០១, ដែកមូលចំនួន០១, ម៉ាឡេតចំនួន០១, ដង្កាប់ចំនួន០២, ទួណឺវីសចំនួន០១ និងសោរចិញ្ចៀនចំនួន០១ ។
លោកនាយប៉ុស្តិ៍ខាងកលបានប្រាប់ឱ្យដឹងទៀតថា មុនកើតហេតុ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានអង្គុយប្រចាំការនៅក្នុងស្នាក់ការ ស្រាប់តែជនសង្ស័យដើរទៅមកនៅមុខប៉ុស្តិ៍។ ដោយមានការសង្ស័យទើបសមត្ថកិច្ចចេញមកឃាត់ខ្លួនសួរនាំ និងត្រួត្យពិនិត្យលើដងខ្លួនឃើញមានវត្ថុតាងដូចរៀបរាប់ខាងលើតែម្ដង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងរកលួចម៉ូតូនៅមុខស្នាក់ការប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ប្រាកដមែន ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។