ខេត្តកណ្ដាល ៖ ហៅគេមកផឹកស៊ី ក្នុងពិធីបង្កក់កូន លុះដល់ពេលស្រវឹងក៏កើតជាទំនាស់ពាក្យសំដី យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូសបានមត្ថកិច្ចឃាត់ខ្លួន។ ករណីហិង្សានេះ បានកើតឡើងកាលម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២១ ចំនុច ភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ សារ៉ុម ហៅ វីត អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល។
ចំណែកជនសង្ស័យឈ្មោះ អ៊ុន សំអឿន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិ តាពេជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។ វត្ថុតាងដកហូតបាន រួមមានកាំបិតបុ័ងតោធ្វើពីអ៉ីណុកដងឈើ ចំនួន០២ ដំបង ឈើមូល០១។
ប្រភពដដែលបន្តថា នៅម៉ោងកើតហេតុជនរងគ្រោះឈ្មោះ ឆាយ សារ៉ុម រួមជាមួយប្រពន្ធ និងជនសង្ស័យឈ្មោះ អ៊ុន សំអឿន បានផឹកស៊ីជាមួយគ្នា ក្នុងកម្មវិធីបង្កក់កូនរបស់ជនសង្ស័យ ពេលកំពុងផឹកស៊ីជនសង្ស័យបានក៏មានទំនាស់ជាមួយប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ស៉ីម មករា ហើយជនសង្ស័យខឹង បានគប់កែវជ័រដែលមានទឹកកកនិងស្រាបៀ ចូលក្នុងវង់ផឹកស៊ី ភ្លាមនោះ ជនរងគ្រោះបាននិយាយថា ហ្អែងក៏ខ្លាំងម្លេះក៏ស្ទុះបំរ៉ុងទៅវាយ ជនសង្ស័យ ប៉ុន្តែត្រូវបងប្អូនជួយឃាត់ ភ្លាមនោះជនសង្ស័យបានចូលក្នុងផ្ទះ រួចហើយបានយកកាំបិតបុ័ងតោចំនួន២ព្រមទាំងស្រែកបបួលជនរងគ្រោះកាប់គ្នាមួយស្មើ។ បន្ទាប់មកជនសង្ស័យក៏បោះកាំបិតចំនួន០១ទៅឲ្យជនរងគ្រោះដើម្បីកាប់គ្នាមួយស្មើ ស្រាប់តែត្រូវជើងប្រពន្ធរបស់ជនរងគ្រោះ ភ្លាមនោះ ជនរងគ្រោះខឹងបានស្ទុះយកដំបងឈើមូល បំរ៉ុងវាយជនសង្ស័យ ភ្លាមនោះជនសង្ស័យ យកកាំបិតបុ័ងតោដែលកាន់ស្រាប់ស្ទុះចូលទៅកាប់ជនរងគ្រោះត្រូវចិញ្ចើមខាងឆ្វេង និងកដៃខាងស្តាំ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
លុះព្រឹកឡើងថ្ងៃទី២៧ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងបន្ទាប់កម្លាំងប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុស្រាវជ្រាវ នាំខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាម នីតិវិធី៕