ស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ករណីនេះ បានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៩ ខាងលិចស្ពានមេគង្គ ត្រង់ចំណុចវាលស្រែស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចនគរបាលស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះតួន ប៊ុនរ៉េត ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរ ស្វាយសែនជ័យខេត្តស្ទឹងត្រែង។ បើកបរម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១B ១២៦២ ទិសដៅពីត្បូងទៅជើងបានបុកជាមួយម៉ូតូ ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១A.៧៦៣៦ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះនុន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍មួយករណីនេះ បណ្ដាលមកពីបើកបរមិនប្រកាន់ស្ដាំ។ អ្នកបើកបរម៉ូតូទាំងពីរ នាក់មិនបានពាក់មួកសុវត្ថិភាពទេ។ ម៉ូតូទាំងពីរគ្រឿងរបស់ជនរងគ្រោះខូចខាតធ្ងន់ធ្ងរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់៕