តុលាការកំពូល តម្កល់ទោស បុរសលក់ទាម្នាក់ ដាក់គុក ១០ឆ្នាំ និងសងជម្ងឺចិត្ត ៨០០លានរៀល ជាប់ពាក់ព័ន្ធអំពើ ប៉ុនប៉ងមនុស្សឃាត ដោយកាត់ដាច់ដៃស្ត្រីម្នាក់ ជាគូស្នេហា នៅខេត្តតាកែវ,,,,,,,
ភ្នំពេញ: តុលាការកំពូល កាលកាលពីព្រឹកថៃ្ងទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាស សាលដីកា និង សម្រេចតម្កល់ទោសពិរុទ្ធជនម្នាក់ ដាក់ពន្ធនាគារ ១០ឆ្នាំ និងបង្គាប់ឱ្យគាត់ ត្រូវសងថ្លៃជម្ងឺចិត្តចំនួន ៨០០ លានរៀល ទៅស្ត្រីរងគ្រោះ ដែលជាអតីតគូស្នេហ៍របស់គាត់ ជាប់ពាក់ព័ន្ធនឹងករណី ប៉ុនប៉ងមនុស្សឃាត និង បានកាប់ប្រហារ ដោយកាំបិតប៉័ងតោ ទៅលើ ស្រ្តីរងគ្រោះក្នុងជម្លោះពាក្យសម្តីនឹងគ្នា បណ្តាលឱ្យ ជនរងគ្រោះ ដាច់ដៃម្ខាង និង បានក្លាយជាជនពិការរហូតដល់សព្វថ្ងៃនេះ ។
លោកគង់ តារាឆាត ជាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល បានអានសាលដីកាថា ជនជាប់ចោទ មានឈ្មោះ គុប ផា ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបររកស៊ី លក់ទា និង មាន់ មានទីលំនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ។
ជនជាប់ចោទ ឈ្មោះ គុប ផា ត្រូវបានតុលាការខេត្ត តាកែវ កាលពីថ្ងៃ ០៥ មេសា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៤ ឆ្នាំ និង បង្គាប់ឱ្យសងថ្លៃជម្ងឺចិត្ត ទៅជនរងគ្រោះ ចំនួន ៨០០លានរៀល ពីបទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។
ប៉ុន្តែ គុប ផា បានប្តឹងជំទាស់ នឹងសេចក្តីសម្រេច របស់តុលាការខេត្តតាកែវ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពី ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ បានតម្កល់សាលក្រមរបស់តុលាការខេត្តតាកែវ ដដែល ប៉ុន្តែបានបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក ១៤ឆ្នាំ មកនៅត្រឹមតែ១០ឆ្នាំ និង បានបញ្ចុះថ្លៃជម្ងឺចិត្ត ពីចំនួន ៨០០លានរៀល មកនៅត្រឹម ៤០០លានរៀលវិញ។
ជនជាប់ចោទ គុប ផា បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត ដើម្បីសុំតុលាការកំពូល បន្ថយទោសបន្ថែម និង បន្ថយថ្លៃសងជម្ងឺចិត្តជនរងគ្រោះ។
ជនជាប់ចោទគុប ផា ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២០ នៅ ភូមិចំលងរមាំងលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីគាត់បានរត់គេចខ្លួន អស់មួយរយៈ បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ទៅលើ ជនរងគ្រោះ ឈ្មោះ សាន្ត ចិន្តា ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិ-ឃុំ-ស្រុក និង ខេត្ត ជាមួយគ្នា នឹង ជនជាប់ចោទ ៕
ប្រភព៖ DAP
តាមដានព័ត៍មាន ជាមួយសារព័ត៍មានសករាជថ្មី ដោយចុចលើលីងតំណភ្ជាប់ Telegram Channel: https://t.me/informationofnewera