វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៧៨៣,០០០ ដូស ដែលជាជំនួយរបស់ ប្រទេសអូស្ត្រាលី ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាហើយនៅល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១នេះ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អូស្ត្រាលីបានផ្ដល់វ៉ាក់សាំងប្រភេទ Pfizer រហូតដល់ ២,៣៥០,៥៣០ដូស មកដល់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែចំនួនវ៉ាក់សាំងជាង ១.៥ លានដូសទៀត នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅថ្ងៃទី ២៨ ខែធ្នូ នេះ។
មានប្រសាសន៍នៅក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់កម្ពុជា។
ចំណែកឯតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺជាផ្នែកមួយនៃការជួយគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីមកដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩៕