បាត់ដំបងៈ រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ មនុស្សម្នាក់ និងមានអណ្តាតភ្លើងឆាបឆេះទាំងម៉ូតូ និងរថយន្ត អស់ស្ទើរទាំងស្រុង។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានបញ្ជាក់ថាៈ ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅយប់ម៉ោងប្រមាណជិត ៨:០០ នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ពាន តាង៉ោល ឋិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពខាងលើ បានបន្ថែមថាៈ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ដឹកទំនិញ គ្រឿងឧបភោគ បរិភោគពេញ ក៏បានពើបប្រទះជាមូយម៉ូតូមួយគ្រឿង ដែលបើកបរ ក្នុងទិសដៅពីខាងកើត ទៅខាងលិច បណ្តាលឲ្យម៉ូតូដួល ចូលក្រោមរថយន្ត រួចក៏កិនជនរងគ្រោះ ហើយខ្ទាតចេញ បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកម៉ូតូវិញ បានគាបជាប់ក្រោមរថយន្ត អូសចម្ងាយជិត ១០០ ម៉ែត្រ និងបានបែកផ្កាភ្លើង បង្កជាអណ្តាតភ្លើង ឆាបឆេះរថយន្ត មួយរំពេច យ៉ាងសន្ធោសន្ធៅ តែម្តង។
លោក វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងដែរថាៈ ជនរងគ្រោះ ជាម្ចាស់ម៉ូតូប្រភេទ ហុងដា ឌ្រីម ដែលស្លាប់មាន ឈ្មោះ ម៉ាក់ ម៉ៅ អាយុ ៤០ ឆ្នាំ មានទីលំនៅ ក្នុងភូមិសំរោង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ចំណែកភាគី អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ភ្លាមៗ បានគេចខ្លួនបាត់ បន្សល់ទុកនូវរថយន្ត ដែលឆេះប្រភេទរថយន្ត ផ្ទុកទំនិញធុនធំ ពាក់ស្លាកលេខ កំពង់ចាម ៣A- ៧៩២៧។
លោក វរសេនីយ៍ឯក ចាន់ សុធី បានបញ្ជាក់បន្ថែមថាៈ ផ្អែកលើការវាស់វែង តាមបចេ្ចកទេស មន្ត្រីជំនាញ បានបង្ហាញថា ក្នុងគ្រោះថ្នាក់ខាងលើ ភាគីម៉ូតូ បានឆ្លងចូលចំណែកផ្លូវ របស់រថយន្តបន្តិច ទើបបណ្តាលឲ្យរថយន្ត បានបុក ពេញទំហឹង ហើយគាបអូសម៉ូតូ ជាច្រើនម៉ែត្រ និងឆាបឆេះឡើងតែម្តង។
ចំពោះមុខ សមត្ថកិច្ច កំពុងបន្តនីតិវិធី ស្រាវជ្រាវ អត្តសញ្ញាណរថយន្ត ដើម្បីឲ្យម្ចាស់ ចេញមក ទទួលខុសត្រូវ ចំពោះមុខច្បាប់។