រុស្ស៊ី ៖ កីឡាការិនីវាយកូនជនជាតិរុស្ស៊ី Nata Vikhlyantseva បានបង្ហើបថា នាងនិងមិនអាចធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីចូលរួមព្រឹត្តិការណ៍ Australian Open 2022 បានឡើយ ដោយសារតែវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនាងចាក់ មិនត្រូវបានទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលអូស្ត្រាលី។
អ្នករៀបចំ Australian Open បានដាក់ចេញវិធានការតឹងរឹងមួយដោយតម្រូវឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង២ដូសដែលត្រូវបានអនុម័ត ឬលិខិតបញ្ជាក់ការលើកលែងពីផ្នែកវេជ្ជសាស្ត្រ (ចាក់មិនបាន) មុនអាចចូលរួមព្រឹត្តិការណ៍ ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

បញ្ហាកើតឡើងដោយសារវ៉ាក់សាំង Sputnik V របស់រុស្ស៊ី មិនមានក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្ត្រាលី ហើយបញ្ហានេះ ទុកឲ្យអតីតកីឡាការិនីលំដាប់លេខ៥៤ពិភពលោករូបនេះ គ្មានសិទ្ធិប្រកួតឡើយ។

កីឡាការិនី Nata Vikhlyantseva វ័យ២៤ឆ្នាំ បានលើកឡើងក្នុងការបង្ហោះនៅលើបណ្តាញ Twitter ថា “ជាអកុសល ខ្ញុំនិងមិនចូលរួមព្រឹត្តិការណ៍ Australian Open 2022 បានទេ។ ប៉ុន្តែខ្ញុំពិតជារីករាយជាមួយនិងកម្រិតដែលខ្ញុំបានបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយចំនួនចុងក្រោយ ហើយខ្ញុំចង់ទៅលេងនៅអូស្ត្រាលី ប៉ុន្តែនៅទីនោះវ៉ាក់សាំង Sputnik មិនទាន់ត្រូវបានអនុម័តនៅឡើយទេ”៕
(ប្រភពពី CNN)