អង់គ្លេស ៖ លោក Steven Gerrard អ្នកចាត់ការទូទៅក្រុម Aston Villa និងត្រូវខកខានដឹកនាំសម្រាប់ការប្រកួតក្នុងក្របខណ្ឌ (Premier League) ចំនួន២ប្រកួត បន្ទាប់ពីតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងដាក់ខ្លួននៅដាច់ដោយឡែកពីគេ។ នេះបើតាមសេចក្តីប្រកាសពីសំណាក់ក្លិប Aston Villa ផ្ទាល់តែម្តង។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស នឹងក្រុមហ្សងក្រហម Liverpool និងខកខានដឹកនាំ Aston Villa សម្រាប់ថ្ងៃប្រកួតពិសេស “Boxing Day” នៅថ្ងៃអាទិត្យរាត្រីនេះ ទល់និងក្រុមភ្ញៀវ Chelsea និងជំនួបទល់និងម្ចាស់ផ្ទះ Leeds នៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះ។
នេះជាលើកទី២ហើយសម្រាប់លោក Gerrard នៅរដូវកាលនេះ ដែលអវត្តមានដោយសារបញ្ហាកូវីដ-១៩។ ដោយបុរសវ័យ៤១ឆ្នាំរូបនេះ ត្រូវអនុវត្តវិធានការធ្វើចត្តាឡីស័កកាលពីដើមឆ្នាំនេះ អំឡុងពេលនៅជាអ្នកចាត់ការក្រុម Rangers នៃលីគកំពូលស្កុតឡែន ដោយខកខានដឹកនាំចំនួន២ប្រកួតផងដែរ។

គួរបញ្ជាក់ផងដែរថាលោក Steven Gerrard បានចំណាយពេល៣ឆ្នាំ ជាអ្នកចាត់ការក្រុម Rangers មុនផ្លាស់មកដឹកនាំ Aston Villa កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីមកជំនួសតំណែងលោក Dean Smith ដែលត្រូវក្លិបបណ្តេញចេញ។ Aston Villa ៦ប្រកួតក្រោមការដឹកនាំរបស់ Gerrard ឈ្នះ៤ នឹងចាញ់២ ហើយបច្ចុប្បន្នកំពុងឈរលេខ១០ក្នុងតារាង ដោយមាន២២ពិន្ទុ៕
(អត្ថបទពី BBC)