ភ្នំពេញ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ក្រោមរថយន្ត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកឡើងសួនច្បារឆ្លងទៅម្ខាងផ្លូវបុកម៉ូតូពីរគ្រឿងទាំងកំរោល កាលវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតច្រកចូលចាក់សំរាមក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ដោយស្លៀករ៉ូបពណ៌ក្រហមខ្លីលើជង្គង់ សម្បុរសល្មម កម្ពស់ប្រហែល ១ម៉ែត្រ៦០។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រក្បាលពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ ៣C ២៦៧០ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះនិងសង្ស័យស្រវឹងស្រា បានបើកបុកឡើងសួនចែកផ្លូវឆ្លងទៅផ្លូវម្ខាងបុករះម៉ូតូពីរគ្រឿងកំពុងធ្វើដំណើរបញ្ច្រាស់ទឹសគ្នាពីត្បូងទៅជើងបណ្ដាលឲ្យស្ត្រីជិះម៉ូតូ ហ្ស៊ូមមឺរអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១AB ៧៣២៤ បានស្លាប់នៅក្រោមរថយន្តយ៉ាងអណោចអធ៌ម ចំណែក ម៉ូតូឌ្រីម C១២៥ ពាក់ស្លាកលេខ តាកែវ ១P ៤៨៧០ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជន ដឹកទៅសង្គ្រោះភ្លាមៗ។ ចំណែកអ្នក បើករថយន្តបង្កបានបើកទ្វារចុះរត់បាត់ ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោចុះមកដល់ចំណុចកើតហេតុបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ស្នងការាជធានីភ្នំពេញមកវាស់វែងយក ម៉ូតូ និងរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕