ភ្នំពេញៈ ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានករណីបាត់ ស្លាកលេខរថយន្ដ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំ ពីលោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដឹកនាំ កងកម្លាំងចុះឆែកឆេរ កាំមេរ៉ាសុវត្ថិភាព តាមផ្ទះប្រជាពលរដ្ឋ ។ រហូតដល់កំណត់ មុខសញ្ញា ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ចំនួន បួននាក់ ក្នុងនោះមានមួយនាក់ ជាអ្នកទទួលទិញស្លាកលេខរថយន្ដ ។
ជនសង្ស័យ ចំនួន បួននាក់នោះ មានៈ
ទី១ ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ (ទទួលទិញស្លាកលេខរថយន្ដ )។
ទី២ ឈ្មោះ ផាន សុីណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិអូរដឹម សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិសំបូរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៤ ឈ្មោះ សិត ដេឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ (ទាំងបីនាក់នេះ ជាអ្នកលួចស្លាក លេខរថយន្ដ)។
ចំណែកឯជនរងគ្រោះ ឈ្មោះ សៀម ស្រី លាវ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សំភារៈដកហូតបាន រួមមានៈ ម៉ូទ័រដោះស្លាកលេខរថយន្ដ ចំនួន មួយគ្រឿង និងស្លាក លេខរថយន្ដ ចំនួន ១៣ ស្លាក ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ កំពុង សាកសួរ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕