កំពង់ស្ពឺ៖ បុរសពីរនាក់បានស្លាប់ភ្លាមៗដោយសាររថយន្តបុកពេលកំពុងធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២ និង៣០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។
នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម C125 (2019) ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N.0252 បើកបរដោយឈ្មោះ ធឿន ចុន ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិចំការដូង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ ០១ នាក់ ឈ្មោះ ឈឺន សុខហួត ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.5943 បើកបរដោយឈ្មោះ ហង់ ចាន់ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់នៅនឹងកន្លែង ឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានធ្វើការវាស់វែងនិងបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរងចាំដោះស្រាយនៅពេលក្រោយ៕