ថ្ងៃឈប់សម្រាកមនុស្សម្នាក់ៗតែងតែមាន ហើយអ្វីដែលអ្នកកំពុងរង់ចាំ ដើម្បីចំណាយពេលវេលាជាមួយនិងគ្រួសារ ឬ មិត្តភ័ក្រ្ត។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា មនុស្សភាគច្រើនមានការឡើងទម្ងន់ច្រើន ក្រោយពីថ្ងៃឈប់សម្រាកកន្លងផុតទៅ។ តើយើងគួរត្រូវធ្វើបែបណា ទើបអាចដោះស្រាយបញ្ហានេះបានជោគជ័យ?
១. គេងលក់ឲ្យបានស្កប់
កុំប្រើប្រាស់ពេលវេលាឈប់សម្រាករបស់អ្នកដើរលេងហួសហែតពេក។ ចូរកុំភ្លេចថាការគេងនៅពេលយប់ ព្រោះថារាងកាយអ្នកក៏ត្រូវការការគេងផងដែរ។ កង្វះនៃការគេង អាចបង្កើនចំណង់អាហាររបស់អ្នកដោយបង្កើនកម្រិតនៃភាពឃ្លានរបស់អ្នកបាន។ ការគេងមិនគ្រប់គ្រាន់ ក៏ធ្វើឲ្យការរំលាយអាហារមានកម្រិតទាប ដែលមានន័យថារាងកាយរបស់អ្នកពន្យឺតដំណើរការស្រកទម្ងន់បាន។
២. កាត់បន្ថយការទទួលទានទឹកក្រូចកំប៉ុង នឹង ជាតិអាល់កុល
ក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបុណ្យម្តងៗ មនុស្សភាគច្រើនចូលចិត្តទិញរបស់ដូចជា ស្រាបៀរ ឬ ទឹកក្រូចកំប៉ុងដាក់ក្នុងទូរទឹកកក ដើម្បីផឹកកំដរអារម្មណ៍។ ហើយអ្នកខ្លះទៀត ចូលចិត្តចេញទៅក្រៅផឹកជាមួយនិងមិត្តភ័ក្រ្ត។ ប្រសិនបើអ្នកហាមខ្លួនអ្នកអត់ផឹកមិនបានទេនោះ ចូរព្យាយាមផឹកតិចៗ ហើយយឺតៗ។ បរិមាណជាតិស្ករ នឹងកាឡូរីនៅក្នុងភេសជ្ជៈទាំងនេះ គឺខ្ពស់ណាស់ដែលមានគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ជាតិអាល់កុលក៏បង្កើនចំណង់អាហាររបស់អ្នកផងដែរ ដែលធ្វើឲ្យអ្នកញ៉ាំច្រើនជាងធម្មតា។
៣. ធ្វើខ្លួនឲ្យសកម្ម
អ្នកប្រហែលជាហត់ក្រោយពីធ្វើការងារអស់ពេលយ៉ាងយូរទម្រាំតែដល់ថ្ងៃឈប់សម្រាក។ ថ្វីបើវាមានឈ្មោះថាជាថ្ងៃសម្រាកក៏ដោយ អ្នកគួរតែធ្វើខ្លួនអ្នកឲ្យសកម្ម ដូចជាការលេងកីឡាជាដើម។ នេះគឺមានភាពប្រសើរជាងការអង្គុយចុចទូរស័ព្ទមិនធ្វើអ្វី។ ពេលក្រោកពីព្រលឹក ដើរហាត់ប្រាណជាមួយនិងគូស្នេហ៍ ឬ ក៏ចេញទៅស្រូបពន្លឺព្រះអាទិត្យនៅខាងក្រៅផ្ទះបាន គឺសុទ្ធតែជួយអ្នកមិនឲ្យឡើងទម្ងន់បាន។