ភ្នំពេញ៖ ជនសង្ស័យ ចំនួន ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ជនសង្ស័យទាំងពីរនេះ ទី១-ឈ្មោះ ប៊ួន ថន ហៅ វែង ភេទប្រុស អាយុ៣៩ឆាំ្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ ថៃ ដា ហៅ ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងអញ្ចាញទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនពេលកំពុងតែចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយឆែករកឃើញម្សៅក្រាមសថ្លាចំនួន០៤កញ្ចប់ថង់ធំល្មម មានតំរុយជាគ្រឿងញៀន មេតាហ្វេតាមីន ទម្ងន់ ៣,៦៩ក្រាម។ សមត្ថកិច្ចក៏បានដកហូតទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ស្លាកលេខ បាត់ដំបង ១I-០៤៩២ ពីជនងសង្ស័យផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕