ព្រះសីហនុៈ សមត្ថកិច្ចឲ្យដឹងថាមនុស្សប្រុស ស្រី ចំនួន៦នាក់ បានរងរបួសធ្ងន់និងស្រាល បានដឹកយកទៅសង្គ្រោះជាបន្តបន្ទាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចនិងរថយន្តធុនធំដឹកទំនិញ។នៅលើផ្លូវជាតិលេខ៤ (ចំការដូងប្រេង )ចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់កាលពីព្រឹក ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១ ។
សមត្ថកិច្ចនិយាយថា រថយន្ដតូចម៉ាកតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-8317 បើកបរក្នុងទិសដៅ ភ្នំពេញ -ខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។មកដល់ចំណុចកើតហេតុបានឡើងវ៉ាជែង រថយន្ដមួយគ្រឿង រួចជ្រុលទៅបុកប៉ះរថយន្ត ម៉ាកហ៊ីយន់ដេ ពណ៌សពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-8787 ដែលបើកក្នុងទិសដៅផ្ទុយគ្នា(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមានមនុស្សរងរបួសចំនួនប្រាំមួយនាក់ (ស្រី០២នាក់)។
ប៉ូលិសពុំទានបង្ហាញអត្តសញ្ញាណជនរងគ្រោះនិងអ្នកបើកបរនៅឡើយ។
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនវាលរេញ។រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕